ស.វ.ស រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការលើកកម្ពស់គុណភាពកម្មសិក្សាសម្រាប់និស្សិតវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

នាព្រឹក ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការលើកកម្ពស់គុណភាពកម្មសិក្សាសម្រាប់និស្សិតវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលពិធីបើកត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីពិគ្រោះយោបល់លើការរៀបចំ តាមដាន និងវាយតម្លៃកម្មសិក្សានិស្សិតវេជ្ជសាស្រ្ត ដោយប្រើ ឧបករណ៍ Student portfolio ។ ឧបករណ៍នេះ ត្រូវបានប្រើប្រាស់ នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងលើឆាកអន្តរជាតិ សំរាប់វាយតម្លៃកម្មសិក្សានិស្សិតលើការអនុវត្តជំនាញរឹង និង ជំនាញទន់ រួមមានទាំងការវាយតំលៃអាកប្បកិរិយាវិជ្ជាជីវៈរបស់និស្សិត ក្នុងពេលចុះធ្វើកម្មសិក្សាតាមទីតាំងកម្មសិក្សានានា ហើយគ្រូដឹកនាំកម្មសិក្សា ក៏អាចផ្តល់អនុសាសន៍ កែលម្អបន្ថែម ដល់និស្សិតលើករណីនិមួយៗផ្ទាល់តែម្តង។ សិក្ខាសាលានេះមានការចូលរួមពីតំណាងមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ ដែលជាអង្គភាពកម្មសិក្សាដៃគូរ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ១៧ អង្គភាព។
ក្នុងឱកាសដ៏ឧត្តុឧត្តមនេះ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមនេះ និងបានសំដែងនូវការគាំទ្រ ចំពោះការរៀបចំអនុវត្តឧបករណ៍តាមដាន និងវាយតម្លៃកម្មសិក្សានិស្សិត (Student portfolio)នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដូចខាងក្រោម៖
១-បន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាលដោយធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីសិក្សានៅគ្រប់កម្រឹត
២-យកចិត្តទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យដើម្បីសម្រេចបាននូវការបណ្តុះបណ្តាល បែប សមត្ថភាពស្នូលជាគោល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រឹត
៣-យកចិត្តទុកដាក់បន្ថែមទៀត លើការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ ក្នុងវិស័យសុខាភិបាល ដោយរិះរកវិធីសាស្រ្ត ក្នុងការបង្រៀន និងការវាយតម្លៃ អោយកាន់តែប្រសើរឡើង
៤- បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តី បុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ច និងគ្រប់គ្រង ដោយប្រើប្រាស់នូវកាលានុវត្តភាពរបស់បច្ចេកវិទ្យា អោយបានច្រើនបំផុត ដែលអាចធ្វើទៅបាន
៥-បន្តជំរុញការងារសិក្សាស្រាវជ្រាវ ដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗ សម្រាប់ជាធាតុចូល សំខាន់ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាល នាពេលអនាគត
៦-បន្តពង្រឹងនូវទំនាក់ទំនងភាពជាដៃគូ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទីតាំងកម្មសិក្សាគ្រប់កម្រឹត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃកម្មសិក្សាគ្លីនីក ដែលជាដំណាក់កាលសំខាន់មួយ ក្នុងការបណ្តុះបណ្តាល វិស័យសុខាភិបាល ដោយគុណភាពកម្មសិក្សាគ្លីនីក នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សមត្ថភាព និងទំនុកចិត្តលើគ្រូពេទ្យរបស់យើងនៅពេលអនាគត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានស្នើដល់គ្រប់ អង្គភាពតាំងកម្មសិក្សាដៃគូររបស់ ស.វ.ស ទាំងអស់ ជួយផ្តល់យោបល់កែលំអរ ដើម្បីធ្វើយ៉ាងណា អោយយើងអាចធ្វើការវាយតម្លៃកម្មសិក្សារបស់និស្សិត ដោយប្រើឧបករណ៍ student Portfolio នេះ ដំណើរទៅដោយរលូន និងធ្វើអោយកម្មសិក្សារបស់និសិ្សតវេជ្ជសាស្រ្ត កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

Posted on: 05/27/2024 1:39:49 PM