សិក្ខាសាលាអំពី “ផលិតផលសុខាភិបាលប្រើប្រាស់លើស្បែក”

ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣មេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំសិក្ខាសាលាអំពី “ផលិតផលសុខាភិបាលប្រើប្រាស់លើស្បែក” ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងរយ:ពេល ៥ថ្ងៃ ក្រោមការឧបត្ថម្ភដោយគម្រោង Mekong Pharma Network ដោយមានគ្រូបង្គោលជាសាស្ត្រាចារ្យជំនាញផ្នែកវិទ្យាសាស្ត្រឱសថ លោកសាស្រ្តាចារ្យ KOFFI Armand តំណាងមូលនិធិ Pierre Fabre សហការនិងសាស្រ្តចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកម្ពុជា ស.វ.ស និងមានសិក្ខាកាមចូលរួមចំនួន ១៦ នាក់មកពីសាកលវិទ្យាល័យ Hanoi University of Pharmacy នៃប្រទេសវៀតណាម, សាកលវិទ្យាល័យ University of Medicine & Pharmacy HCMC (UMP) នៃប្រទេសវៀតណាម,សាកលវិទ្យាល័យ University of Health Sciences នៃប្រទេសឡាវ និង កម្ពុជា រួមទាំងក្រុមការងារ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល១០រូបទៀត សរុបអ្នកចីលរួម មាន២៦រូប។

សិក្ខាសាលានេះផ្តោតលើបច្ចេកវិទ្យាឱសថសម្រាប់ផលិត ផលិតផលសុខាភិបាលប្រើប្រាស់លើស្បែកស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និង នវានុវត្តន៍ក្នុងវិស័យសុខាភិបាល។ ជាមួយគ្នានេះផងដែលសិក្ខាកាមនឹងទទួលបាន៖
១) ចំណេះដឹងថ្មីអំពីបច្ចេកវិទ្យាឱសថ ក៏ដូចជាបទពិសោធន៍ល្អៗពីការងារជាក់ស្តែង ជាពិសេសទាក់ទងទៅនឹង ផលិតផលឱសថសម្រាប់ការប្រើប្រាស់លើស្បែក
២) មានសមត្ថភាពក្នុងការបង្កើតផលិតផលសុខាភិបាលប្រើប្រាស់លើស្បែក។
៣) មានសមត្ថភាពក្នុងការត្រួតពិនិត្យគុណភាពផលិតផលដែលផលិតបាន
៤) មានសមត្ថភាពក្នុងការត្រួតពិនិត្យប្រសិទ្ធភាពផលិតផលដែលផលិតបាន
៥) លើសពីនេះផងដែរ សិក្ខាកាមដែលជាសាស្រ្តាចារ្យក្នុងវិស័យឱសថសាស្ត្រនឹងបន្តចែករំលែកចំណេះដឹងដែលទទួលបានក្នុងសិក្ខាសាលានេះទៅនិស្សិតឱសថសាស្ត្រជំនាន់ក្រោយក្នុងគោលបំណងអភិវឌ្ឍ និងពង្រឹងបន្ថែមធនធានមនុស្សក្នុងវិស័យសុខាភិបាល ។

ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ មូលនិធិ Pierre Fabre ដែលបានជួយគាំទ្រឲ្យសិក្ខាសាលានេះប្រព្រឹត្តទៅបាន ជាពិសេស លោកសាស្រ្តាចារ្យ KOFFI Armand រួមទាំងក្រុមការងារ មហាវិទ្យាល័យឱសថសាស្ត្រ ដែលបានលះបង់ពេលវេលាក្នុងការជួយជ្រោមជ្រែង ដំណើរការសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាមទាំងអស់រួមគ្នា៕

Posted on: 04/30/2024 1:28:04 PM