ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ផ្តល់អនុសាសន៍៤ចំនុចជូនស.វ.ស

ខេត្តកែប៖ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអសនៈជំងឺទឹកនោមផ្អែម និងជំងឺក្រពេញ នៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមសិក្ខាសាលា ស្តីពីសមិទ្ធផល ៥ ឆ្នាំ (២០១៩-២០២៣) និងផែនការឆ្នាំ២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្នុងល្បឿនដ៏គួរអោយកត់សម្គាល់ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបានជម្រាបអង្គសិក្ខាសាលា អំពីការយកចិត្តទុកដាក់ជាពិសេស ជាមួយនឹងការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងការជំរុញការអភិវឌ្ឍសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានសុខាភិបាលឱ្យបានកាន់តែឆ្លើយតបទៅនឹងតម្រូវការ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ជូនសាកលវិទ្យាល័យ ចំនួន ០៤ ចំណុច ដូចខាងក្រោម៖
១-រៀបចំយន្តការសម្រួលនៃការបង្រៀនបន្ថែម (extra and complementary curriculum) ដោយទទួលយកកាលានុវត្តភាព ពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យជារៀមច្បងដែលមានសមត្ថភាពគ្លីនិកខ្ពស់ច្បាស់លាស់ក្នុងមន្ទីរពេទ្យច្រើនឆ្នាំ មកចែករំលែកបទពិសោធន៍ ដើម្បីជាប្រយោជន៍ក្នុងការចូលរួម បំពេញបន្ថែមលើគុណភាពបណ្តុះបណ្តាលដែលមានស្រាប់។
២-បន្តជំរុញបន្ថែមអោយបានកាន់តែទូលំទូលាយជាប់ជាប្រចាំការបណ្តុះស្មារតីក្រមសីលធម៌វិជ្ជាជីវៈ ដល់និស្សិតគ្រប់កម្រឹត ក៏ដូចជាការផ្លាស់ប្តូរការសិក្សារៀនសូត្ររវាងគ្រូ និងគ្រូលើប្រធានបទដ៏ចាំបាច់នេះ។
៣-ពិចារណាររៀបចំសិក្ខាសាលា អំពី Porfolio ដែលជាគុណតម្លៃនៃ«ការសិក្សាររៀនសូត្រដោយផ្តោតលើអ្នកសិក្សា» (value of student-centered learning) ជូនដល់មន្ទីរពេទ្យ និងអង្គភាពកម្មសិក្សា ដើម្បីបង្កើនការគាំទ្រអនុវត្ត ជំរុញប្រសិទ្ធភាព កម្មសិក្សានិស្សិត អោយបានរឹតតែមាំទាំបំផុតក្នុងកាលវេលាមួយសមស្របជាក់លាក់។
៤-បន្តពង្រឹងយន្តការសម្រួលកិច្ចការនិក្ខេបបទឱ្យបានរលូន ដល់សាស្រ្តាចារ្យ និស្សិត ក្រោមកិច្ចសហការដ៏ម៉ត់ចត់ពីមន្ទីរពេទ្យ និងអង្គភាពដែលផ្តល់ការស្រាវជ្រាវ។
គួរជម្រាបផងដែរ សិក្ខាសាលា ស្តីពីសមិទ្ធផល ៥ ឆ្នាំ (២០១៩-២០២៣) និងផែនការឆ្នាំ២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រព្រឹត្តទៅ ចំនួន ០២ ថ្ងៃ ពីថ្ងៃទី៤ ដល់ថ្ងៃទិ៥ ខែមេសា ឆ្នាំ២០២៤។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយសមិទ្ធផល ៥ ឆ្នាំ (២០១៩-២០២៣) របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងពិនិត្យផែនការឆ្នាំ២០២៤ របស់មហាវិទ្យាល័យ សាលា និងអង្គភាពចំណុះ ស្របតាមអនុសាសន៍ណែនាំ និងផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕

Posted on: 04/08/2024 12:36:44 PM