ស.វ.ស រៀបចំសិក្ខាសាលាសមិទ្ធផលរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការឆ្នាំ២០២៤

ខេត្តកែប៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” បានរៀបចំសិក្ខាសាលា ស្តីពី សមិទ្ធផលរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការឆ្នាំ២០២៤ នៅសណ្ឋាគារសិង្គហមិត្ត ខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃស.វ.ស និង ភ្ញៀវកិត្តិយស/ដៃគូរជាតិ-អន្តរជាតិ សរុបជិត១០០នាក់។

ពិធីបើកសិក្ខាសាលាធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណ:អធិបតី និងអង្គពិធីទាំងមូល ចំពោះការចំណាយពេលមានតម្លៃចូលរួមក្នុងសិក្ខាសាលាដ៍មានសារ:សំខាន់នេះ។ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការបានបង្ហាញពីសមិទ្ធផលរយៈពេល៥ឆ្នាំលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សេវា ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងការងារអភិបាលកិច្ចល្អ ការងារស្រាវជ្រាវ-នវានុវត្តន៍ និងការវាយតម្លៃគុណភាពកម្រិតជាតិ តំបន់ អន្តរជាតិរបស់ស.វ.ស។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានយកឱកាសនេះថ្លែងអំណរគុណជាពិសេសគោរពជូនឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាលនិងក្រុមប្រឹក្សាភិបាលស.វ. ដែលតែងតែចង្អុលបង្ហាញផ្លូវប្រកបដោយភាពប៉ិនប្រសព្វ និងច្នៃប្រឌិតខ្ពស់ ដើម្បីជម្រុញស.វ.សឲ្យមានភាពលេចធ្លោ លើឆាកជាតិ និងឆាកអន្តរជាតិ។

ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឈានឡើងរបស់ស.វ.ស ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញអោយអង្គពិធីពិភាក្សាឱ្យកាន់តែផុសផុល ដើម្បីផ្តល់ជាធាតុចូល សម្រាប់សៀវភៅសមិទ្ធផលឆ្នាំ២០១៩-២០២៣ ឱ្យបានកាន់តែមានគុណភាពសមស្រប ឆ្លើយតបនឹងភាពជាក់ស្តែង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍គន្លឹះសំដៅអោយអោយស.វ.ស រៀបចំផែនការយុទ្ធសាស្រ្តថ្មី និងផែនការឆ្នាំ២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលអនុលោមតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល។

គួរជម្រាបថា ក្នុងរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ កន្លងមកនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានសមិទ្ធផលធំៗ ជាច្រើន ដែលរួមទាំងការអភិវឌ្ឍកម្មវិធីសិក្សាថ្មី កែសម្រួលកម្មវិធីសិក្សាដែលមានស្រាប់ផ្តោតលើសមត្ថភាព អភិវឌ្ឍឧបករណ៍គរុកោសល្យនានា និងឧបករណ៍វាយតម្លៃនិស្សិត ការពង្រឹងគុណភាពកម្មសិក្សានិស្សិត ពង្រឹង និងពង្រីកការងារស្រាវជ្រាវ នាវនុវត្តន៍ និងការផ្តល់សេវា។ ជាពិសេស សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបានការទទួលស្គាល់គុណភាពពេញសិទ្ធ រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងការទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់ ៥១-១០០ ក្នុងចំណោមសាកលវិទ្យាល័យលើពិភពលោកសម្រាប់ "Innovation in student mobility and Openness" ពី The World University Rankings for Innovation (The WURI) ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ សាកលវិទ្យាល័យ បានផលិតធនធានមនុស្ស ក្នុងវិស័យសុខាភិបាល សរុបចំនួន ៥,៥៤៥ នាក់ (ស្រី ២,៨៧១ នាក់) ក្នុងនោះ ៩៧% មានការងារធ្វើ៕

Posted on: 04/08/2024 12:34:56 PM