ស្នាដៃស្រាវជ្រាវនិស្សិត ១៧ក្រុមត្រូវផ្សព្វផ្សាយ ក្នុងទិវានិស្សិតឱសថសាស្រ្ត នៃស.វ.ស លើកទី៧

ថ្ងៃអង្គារ ៥រោច ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មហាវិទ្យាល័យឱសថសាស្រ្ត​នៃស.វ.ស បានរៀបចំទិវាស្រាវជ្រាវនិស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមប្រធានបទ ”នវានុវត្តន៍វិទ្យាសាស្រ្តឱសថ និងការគ្រប់គ្រង ថែទាំសុខភាព” (Theme: Innovation in Pharmaceutical Sciences and Health Care Management)។
ពិធីបើកមានការចូលរួមពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ឈាង សេនា តំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។ ក្នុងនៅក៏មាននូវត្តមានព្រឹទ្ធបុរសរង មន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត សរុបជាង៣០០នាក់។
អញ្ជើញក្នុងពិធីបិទ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានអញ្ជើញទស្សនាដោយផ្ទាល់ Poster បទបង្ហាញរបស់ក្រុមនិស្សិតទាំង១៧ក្រុម។ ឯកឧត្តមសាកលវិទ្យាធិការ បានកោតសរសើរចំពោះការខិតខំរបស់មហាវិទ្យាល័យឱសថសាស្រ្ត ក្នុងអនុវត្តគម្រោងស្រាវជ្រាវនានាក្នុងឱកាសនេះយ៉ាងផុសផុល។ ឯកឧត្តមសាកលវិទ្យាធិការ បានលើកទឹកចិត្ត និងជំរុញឲ្យក្រុមនិស្សិតដែលបានចូលរួមប្រកួតប្រជែងស្នាដៃស្រាវជ្រាវទាំង១៧ក្រុម ត្រូវស្នើដាក់ Abstract តាមរយៈមហាវិទ្យាល័យ ដើម្បីមានឱកាសចូលរួមក្នុងកម្មវិធីស្រាវជ្រាវផ្សេងៗទៀត។
ស្នាដៃស្រាវជ្រាវលើប្រធានបទសំខាន់ចំនួន១៧ ត្រូវបានរៀបចំដាក់ធ្វើបទបង្ហាញផ្ទាល់មាត់ និងបទបង្ហាញជា Poster។​ ទិវានិស្សិតឱសថសាស្រ្តលើកទី៧ នេះធ្វើឡើងដើម្បីបង្កើនទំនាក់ទំនងសាមគ្គីភាពរវាងនិស្សិត និងនិស្សិត ការបំផុសគំនិតឆន្ទះឥរិយាបទលើការងារស្រាវជ្រាវនវានុវត្តន៍វិទ្យាក្នុងវិស័យសុខាភិបាល ការបង្ហាញពីលទ្ធផលស្រាវជ្រាវនានារបស់និស្សិតឱសថសាស្រ្ត និងពង្រឹងស្មារតីបង្កើតផលិតផលថ្មីដោយផ្អែកលើប្រភពធនធានធម្មជាតិដែលមានក្នុងប្រទេស៕

Posted on: 02/08/2024 11:42:38 AM