ថ្នាក់ដឹកនាំស.វ.ស ជួបសំណេះសំណាលជាមួយនឹងគណៈកម្មាធិការនាយកសមាគមនិស្សិត ឆ្នាំ២០២៣

ទីតាំងទី១៖ រសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មាធិការនាយកសមាគមនិស្សិត អាណត្តិចាស់ និងថ្មី មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តវទនសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃស.វ.ស បានទទួលការអនុញ្ញាតជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស.វ.ស។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។
ក្នុងពិធីសំណេះសំណាលនេះ តំណាងអតីតសមាគមនិស្សិតឆ្នាំ២០១៨-២០២៣ បានជម្រាបពីរបាយការណ៍សមិទ្ធិផលការងារ គុណសម្បត្តិ និងការងារត្រូវពង្រឹងបន្ថែម ក្នុងអាណត្តិដឹកនាំរបស់ខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការបានលើកទឹកចិត្តដល់គណៈកម្មាធិការនាយកសមាគមនិស្សិត រៀបចំលើកសំណើគម្រោង សម្រាប់ការងារមិត្តជួយមិត្ត និងការងារផ្សេងៗទៀត ដែលជាប្រយោជន៍ដល់និស្សិត សាកលវិទ្យាល័យ និងសង្គម។ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ ក៏ផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ សមាជិក អតីតសមាគមនិស្សិតឆ្នាំ២០១៨៕

Posted on: 12/21/2023 5:44:38 PM