ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ នៅស.វ.ស


នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និងនិស្សិតនៃស.វ.ស សរុបប្រមាណ ៤០០នាក់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់ សេវាផ្សេងៗ ប្រកបដោយ គុណភាព ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជម្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយ ភាព ឈ្លាសវៃ និងគតិ បណ្ឌិតរបស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើការអភិវឌ្ឍ មូលធន មនុស្សដែលមានគុណភាពខ្ពស់ និងសុខភាពល្អ ដោយក្រសួងសុខាភិបាល បាននិងកំពុងជំរុញការលើកកម្ពស់គុណភាពបណ្តុះបណ្តាល នៅតាមគ្រប់គ្រឹះស្ថានបណ្តុះ បណ្តាល វិជ្ជាជីវៈសុខាភិបាល និងអមសុខាភិបាល ទាំងរដ្ឋ និងឯកជន តាមរយៈការកែលំអកម្មវិធីសិក្សា ការអនុវត្តគោលការណ៍ច្បាប់ ការធ្វើទំនើបកម្ម ការរៀននិង ការបង្រៀន និងការពង្រឹងសមត្ថភាពគ្រូទ្រឹស្តីនិងកម្មសិក្សា។
នាឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្តពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមទៀត និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ ឱ្យបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក្នុងការជួយផ្តល់ នូវ សាស្រ្តាចារ្យ មកបង្រៀន នៅសាកល វិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ព្រមទាំង ផ្តល់សាស្រ្តាចារ្យជួយពង្រឹងគុណភាពកម្មសិក្សាដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។ បន្ថែមនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពី កម្លាំងកាយប្រាជ្ញា និងកម្លាំងចិត្ត និងត្រូវខិតខំលើកកម្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈ។
គួរជម្រាបថា ក្នុងឆ្នាំ២០២៣នេះ ស.វ.សបានដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៤៧ កម្មវិធី ដោយមាន និស្សិតសរុបចំនួន ៧,៣៧០ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៤,៤០៩ នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិសិ្សត ចំនួន ៦៨៦ នាក់ (ស្រីចំនួន ៤៥០ នាក់) បានទទួលអាហារូបករណ៏បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា និងនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៨៦ នាក់ បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

Posted on: 12/21/2023 5:43:00 PM