ថ្នាក់ដឹកនាំនៃគម្រោងស្រាវជ្រាវ PigFluCam+ ពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីអង្គការ DTRA

ទីតាំងទី១ ស.វ.ស៖ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃគម្រោងស្រាវជ្រាវ PigFluCam+ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយប្រតិភូដែលអញ្ជើញមកពីអង្គការ Defense Threat Reduction Agency (DTRA) ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

កិច្ចពិភាក្សានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស និងជាសហប្រធាននៃគម្រោងស្រាវជ្រាវ “ការយល់ដឹងអំពីហានិភ័យនៃជំងឺទាក់ទងនឹងប្រព័ន្ធផលិតកម្មសត្វជ្រូកនៅកម្ពុជា” (PigFluCam+), ថ្នាក់ដឹកនាំនៃគម្រោងស្រាវជ្រាវ ដែលអញ្ជើញមកពីស្ថាប័នដូចជា London School of Hygiene and Tropical Medicine (LSHTM), National University of Singapore (DUKE-NUS), អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP), វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ (NAHPRI) និង Livestock Development for Community Livelihood Organization (LDC) ជាមួយនឹងប្រតិភូមកពីអង្គការ DTRA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការចូលរួមពីលោកស្រី Jessica Spencer, លោកស្រី Sam Shames, លោកស្រី Prabha Malamakal និងលោកបណ្ឌិត Um Bunna ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណ ដល់ដៃគូទាំងអស់ ជាសមាជិកនៃគម្រោងស្រាវជ្រាវ PigFluCam+ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយទទួលបានសមិទ្ធផលដ៏ល្អ តាមការគ្រោងទុក។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើវឌ្ឍនភាពនៃគម្រោងស្រាវជ្រាវ PigFluCam+ សមិទ្ធផលដែលសម្រេចបានប្រចាំឆ្នាំ ២០២៣ និងការព្រៀងទុកផែនការងារសំខាន់ៗគោល សម្រាប់អនុវត្តនៅឆ្នាំ ២០២៤។
គួររំលឹកថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំអនុវត្តគម្រោងស្រាវជ្រាវ PigFluCam+ នេះ ដោយសហការជាមួយស្ថាប័នរៀបរាប់ខាងលើ ចាប់ពីឆ្នាំ២០១៩ មក។ គម្រោងនេះ មានគោលបំណងកំណត់អត្តសញ្ញាណនៃមេរោគគ្រុនផ្តាសាយដែលអាចកើតមានក្នុងប្រព័ន្ធផលិតកម្មសត្វជ្រូកនៅប្រទេសកម្ពុជា ក៏ដូចជាការកំណត់នូវចំណុចប្រសព្វ សំខាន់ៗនៃប្រព័ន្ធផលិតកម្ម ដែលអាចបង្កហានិភ័យក្នុងការចម្លងរោគពីសត្វទៅសត្វ និង ពីសត្វមកមនុស្ស ដែលការសិក្សានេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការត្រៀមខ្លួនការពារទុកជាមុន សម្រាប់ប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺផ្លូវដង្ហើមក្នុងប្រទេសកម្ពុជា។

Posted on: 12/07/2023 1:17:55 PM