ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាមប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនទទួលកម្រៃ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស)

ទីតាំងទី២ស.វ.ស៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បរិច្ចាគឈាមនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស)។ ពិធីបរិច្ចាគឈាមឆ្នាំ២០២៣របស់ស.វ.សនេះ ធ្វើឡើងក្រោមប្រធានបទ "ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា" ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមទាំងមានការចូលរួមពីដៃគូផ្សេងទៀតដូចជា កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ, សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល។
ក្នុងឱកាសដ៍មានអត្ថន័យនេះ ក៍មាននូវវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំតំណាងក្លឹបនៃក្តីស្រលាញ់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងសាស្រ្តាចារ្យ-បុគ្គលិក និស្សិត និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម។
ការប្រារព្ធពិធីនាថ្ងៃនេះជាលើកទី១៧ គិតចាប់ពីឆ្នាំ២០០៩ ដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាមប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនទទួលកម្រៃ ដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាមជួយដល់ជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបរិច្ចាគឈាមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការសហការជាមួយដៃគូនានាក្នុងរយៈពេលមួយថ្ងៃពេញនេះ គ្រោងទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមសរុបប្រមាណជាង ៤០០នាក់។ គួររំលឹកផងដែរ គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីបរិច្ចាគឈាមដោយមានអ្នកបរិច្ចាគឈាមសរុបចំនួន ៤.១០៣នាក់ ក្នុងនោះស្រ្តីមានចំនួន ២.០៣៨នាក់៕

Posted on: 10/19/2023 4:15:44 PM