ស.វ.ស ពិភាក្សាពីការរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់រយៈពេល ១០ឆ្នាំទៅមុខ
ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំផែនការយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល” ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំស.វ.ស គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងបុគ្គលិក នៃស.វ.ស សរុបចំនួន ៦០ រូប។ សិក្ខាសាលានេះ មានរយៈពេល ២ ថ្ងៃ និងមានគោលបំណង ដើម្បីពិនិត្យស្ថានភាពទាំងខាងក្នុង និងខាងក្រៅ របស់អង្គភាពនីមួយៗ ព្រមទាំងពិភាក្សាលើយុទ្ធសាស្រ្តចំបងៗ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (SPESHP)។
លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងជាសង្ខេប ពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តកន្លងមក និងដំណាក់កាលនៃការរៀបចំផែនការយុទ្ធសាស្រ្តថ្មី ដោយមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់។
អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានផ្តល់ជាអនុសាសន៏មួយចំនួន សម្រាប់ជាការពិចារណា ដល់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកទាំងអស់ ដូចជា ១) ការកែសម្រួលកម្មវិធីសិក្សា ដែលឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន នាពេលបច្ចុប្បន្ន និងក្នុងពេល ១០ឆ្នាំខាងមុខ ២) គួរគិតលើសពីកម្មវិធីសិក្សាបច្ចុប្បន្ន ដែលផ្តោតលើសមត្ថភាព ដោយមានសមាហរណកម្មក្នុងកម្មវិធីសិក្សា នូវការបណ្តុះបណ្តាលបែបអន្តរវិជ្ជាជីវៈ (Interprofessional Education) ៣) ការអប់រំនិស្សិត ឱ្យក្លាយជាអ្នករៀនមួយជីវិត ៤) ការបណ្តុះគំនិតនិស្សិតក្នុងការប្រកាន់ខ្ជាប់វិជ្ជាជីវ:ក្រមសីលធម៌ ៥) ការត្រៀមលក្ខណៈ ក្នុងការប្រើប្រាស់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលគ្រោងដំណើរការ ក្នុងឆ្នាំ២០២៦ សម្រាប់ការបង្រៀន ការរៀន ការផ្តល់សេវា និងការស្រាវជ្រាវ ៦) ការចាប់យកឱកាសនានា ពីការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការរៀន និងបង្រៀន ៧) ការឆ្ពោះទៅរកការទទួលស្គាល់គុណភាពបណ្តុះបណ្តាល ក្នុងកម្រិតតំបន់ និងការចូលក្នុងប្រព័ន្ធចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក។
គួរជម្រាបថា ចាប់តាំងពីប្រែក្លាយខ្លួនជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅឆ្នាំ២០០១ ស.វ.ស បានរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្ត ចំនួន ៣លើក រួចមកហើយ រួមមាន ផែនការយុទ្ធសាស្រ្ត ឆ្នាំ២០០៨-២០១២, ផែនការយុទ្ធសាស្រ្តឆ្នាំ២០១៤-២០១៨ និងផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣។ ស.វ.ស ក៏កំពុងចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្រ្តថ្មី សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខ។