សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានសហការជាមួយ កាកបាទក្រហមកម្ពុជារៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល»

ទីតាំងទី២ ស.វ.ស៖ ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានសហការជាមួយ កាកបាទក្រហមកម្ពុជារៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល» ជូនដល់និស្សិតឆ្មបនៃស.វ.ស សរុបប្រមាណ ២០០នាក់ ដើម្បីចូលរួមអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា។
ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ជាទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) និង លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
គួរជម្រាបថា ប្រទេសកម្ពុជា មានវឌ្ឍនភាពដ៏ល្អប្រសើរ លើការងារសុខភាពមាតា ទារក កុមារ។ តាមរយៈការអង្កេតប្រជាសាស្ត្រ និងសុខភាព ដែលនៅក្នុងនោះ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការកើនឡើងពី ៣៤% នៅឆ្នាំ២០០០ ដល់ ៩៩% នៅឆ្នាំ២០២១-២០២២ ដែលធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី ៤៣៧ករណី នៅឆ្នាំ២០០០ មកនៅត្រឹម ១៥៤ករណី ក្នុង ១សែនកំណើតរស់ នៅឆ្នាំ២០២១-២២, អត្រាមរណភាពទារកទើបកើតបានថយចុះពី ៣៧ករណី នៅឆ្នាំ២០០០ មកនៅត្រឹម ៨ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២០២២ និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ១២៤ករណី នៅឆ្នាំ២០០០ មកនៅត្រឹម ១៦ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២០២២៕

Posted on: 05/05/2023 4:30:23 PM