ស.វ.សរៀបចំបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន១,០៦៤ នាក់
ទីតាំងទី២ ស.វ.ស៖ ព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" រៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ផ្នែកវេជ្ជសាស្ត្រ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, បរិញ្ញាបត្រគិលានុបដ្ឋាក,ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា និងបរិញ្ញាបត្រឆ្មប)ជាង ១ពាន់នាក់ ដែលបានប្រឡងជាប់ថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅស.វ.ស ក្នុងឆ្នាំសិក្សា ២០២២-២០២៣។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានសម្តែងនូវគារវកិច្ច និង ស្វាគមន៍ជូនចំពោះគណៈអធិបតី និងអង្គពិធី។ ឯកឧត្តមសាកលវិទ្យាធិការបានលើកឡើងពីសមិទ្ធិផលសំខាន់ៗដែលស.វ.ស សម្រេចបាន តាមរយៈការកំណត់មាគ៌ាយុទ្ធសាស្រ្តរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស សំដៅពង្រីកគុណភាពបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ និងផ្តល់សេវា ក្នុងការឈានទៅរកឧត្តមភាព និងគុណភាព ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះដៃគូរអភិវឌ្ឍដែលតែងតែជួយគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយស.វ.ស។
អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងរបស់ស.វ.ស ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលេចពីសក្តានុពលស.វ.ស ដោយអនាគតនិស្សិតបានជ្រើសយកស.វ.សជាជំរើសទី១ មានចំនួនរហូតដល់ ៥,៣៩៦ នាក់ ក្នុងពេលដែលកូតាសម្រាប់ស.វ.ស មានត្រឹម ១,១៥៥ នាក់ប៉ុណ្ណោះ។ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ដល់និស្សិតឆ្នាំទី១ថ្មី សូមខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពីកំម្លាំងកាយ ចិត្ត និងគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ពេលចេញទៅប្រកបវិជ្ជាជីវៈនាពេលអនាគត។
គួរជម្រាបថា ឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ ស.វ.សមាននិស្សិតសរុបចំនួន ៦,០០៣ នាក់ (ស្រី ៣,៤៤៧ នាក់)។ ចំនួននិស្សិតខាងលើនេះ មិនទាន់បានរាប់បញ្ចូលនិស្សិតឆ្នាំទី១ កម្រឹតបរិញ្ញាបត្ររង នៅឡើយ៕