លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អញ្ជើញសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅស.វ.ស ដែលបានទទួលអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស.វ.សមានរៀបចំពីធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅស.វ.ស ដែលបានទទួលអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃស.វ.ស សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុបជាង ១០០នាក់។
ពិធីនេះមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានគោរពថ្លែងអំណរគុណលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីនាពេលនេះ និងដែលតែងតែផ្តល់ឱកាសដល់និស្សិតស.វ.ស បានចូលរួមសកម្មភាពមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ តាមរយៈការចូលជាសមាជិកសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ។
អញ្ជើញមានមតិក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានរំព្ញកជូនពីសារបាននៃការកកើតអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដ៏មានតម្លៃជូននិស្សិតថ្នាក់វេជ្ជបណ្ឌិតដែលរៀនពូកែនៅស.វ.សនេះ។ លោកជំទាវបណ្ឌិតបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះជ័យលាភីទាំងអស់ចំពោះការខិតខំរៀនសូត្រ និងប្រឡងប្រជែងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនេះដោយជោគជ័យ ក្រោមការចូលរួមអង្កេតការណ៍ផ្ទាល់ពីអង្គភាពប្រឆាំងអំពើពុករលួយ។
លោកជំទាវបណ្ឌិតបានចែករំលែកបទពិសោធន៍នៃការទទួលខុសត្រូវរបស់លោកជំទាវបណ្ឌិតផ្ទាល់ និងក្រុមការងារ តាមរយៈការចូលរួមយ៉ាងក្លៀវក្លាក្នុងការត្រៀមទុកជាមុន និងអំឡុងពេលនៃការឆ្លងជំងឺកូវីដ-១៩ទៅក្នុងសហគមន៍របស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ លោកជំទាវបណ្ឌិត រំព្ញកអំពីទំនួលខុសត្រូវដ៍ឧត្តុង្គឧត្តមរបស់ក្រុមគ្រូពេទ្យក្នុងការពិនិត្យ និងព្យាបាលជម្ងឺ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងវិជ្ជាជីវៈ ជូនប្អូនៗនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស។ ជាមួយគ្នានោះ លោកជំទាវបណ្ឌិត បានជូនពរនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ដែលកំពុងសិក្សាឱ្យទទួលបានជោគជ័យក្នុងការប្រឡង។
គួរជម្រាបផងដែរ ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់ពេលបច្ចុប្បន្ន ដោយមានការសណ្តោសអំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅស.វ.ស ដែលបានប្រឡងចូលរៀនជាប់លេខ១ នៅស.វ.ស ចំនួន ០៨ ជំនាន់ សរុប ២៤៦នាក់ (ស្រី៧៣នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

Posted on: 03/20/2023 2:48:30 PM