ថ្នាក់ដឹកនាំស.វ.ស ពិភាក្សាការងារជាមួយនាយក Fogarty International Center នៃសហរដ្ឋអាមេរិច ព្រមទាំងជាអនាគតនាយកនៃ China Medical Board
ទីតាំងទី១៖ នារសៀលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត Roger Glass នាយក Fogarty International Center នៃសហរដ្ឋអាមេរិច និងជានាយករងសុខភាពអន្តរជាតិ នៃស្ថាប័ន NIH ព្រមទាំងជាអនាគតនាយកនៃ China Medical Board បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត Roger Glass ដែលបានមកទស្សនកិច្ចនៅស.វ.ស ដែលនេះជាដំណើរទស្សនកិច្ចលើកទី១ របស់លោកបណ្ឌិត មកកាន់ប្រទេសកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ បានថ្លែងអំណរគុណដល់ Fogarty International Center សម្រាប់ការផ្តល់ការឧបត្ថម្ភគាំទ្រ ការបណ្តុះបណ្តាលធនធានមនុស្សថ្នាក់ក្រោយឧត្តមសិក្សា របស់និស្សិតកម្ពុជា នាពេលកន្លងមក ដោយអតីតនិស្សិតទាំងនោះ បានក្លាយជាធនធានមនុស្សយ៉ាងសំខាន់ កំពុងបំរើការងារនៅស្ថាប័នរដ្ឋ និងអង្គការក្រៅរាជរដ្ឋាភិបាល នានា។ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ បានជម្រាបជូននូវព័ត៌មានសង្ខេបអំពីសាកលវិទ្យាល័យ និងអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរបស់ China Medical Board រួមមានការជួយឧបត្ថម្ភថវិការបស់ China Medical Board សម្រាប់ការរួមចំណែកលើការរៀបចំផែនការយុទ្ធសាស្រ្តរបស់ស.វ.ស ឆ្នាំ២០១៤-២០១៨ និង ឆ្នាំ ២០១៩-២០២៣ និងការចូលរួម ឧបត្ថម្ភលើ កំណែទម្រង់កម្មវិធីសិក្សាដែលផ្តោតលើសមត្ថភាពស្នូល នៅស.វ.ស។ បន្ថែមពីនោះឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ ក៏បានលើកជាសំណើសុំបន្តការឧបត្ថម្ភបន្តទៀតពី China Medical Board ក្នុងការបង្កើតបរិយាកាស និងឱកាសចូលរួមរៀបចំ និងអនុវត្តគម្រោងស្រាវជ្រាវផ្សេងៗ របស់អ្នកស្រាវជ្រាវស.វ.ស ក៏ដូចជាការពង្រឹងគុណភាពបណ្តុះបណ្តាល នៅស.វ.ស។
ជាការឆ្លើយតប លោកបណ្ឌិត Roger Glass បានបង្ហាញនូវការគាំទ្របន្តទៀត ក្នុងការអភិវឌ្ឍសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមានភាពរីករាយ ដែល Fogarty International Center និង China Medical Board បានរួមចំណែកក្នុងការបំពេញនូវតម្រូវការធនធាន សម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
នាឱកាសនោះ លោកបណ្ឌិត Roger Glass បានអញ្ជើញទស្សនកិច្ចមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) និងមន្ទីរពិសោធន៍ស្រាវជ្រាវ នៅស.វ.ស៕