ថ្នាក់ដឹកនាំស.វ.ស ពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Limoges ប្រទេសបារាំង
ទីតាំងទី១៖ ព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូមកពីសាកលវិទ្យាល័យ Limoges ប្រទេសបារាំង ដឹកនាំដោយសាស្រ្តាចារ្យ Pierre-Marie PREUX ជានាយកនៃវិទ្យាស្ថាន Institut d’Épidémiologie et de Neurologie Tropicale (IENT) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវអំណរគុណចំពោះ សាកលវិទ្យាល័យ Limoges ដែលបានសហការជាមួយស.វ.ស តាំងពីឆ្នាំ១៩៩៤ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសរសៃប្រសាទ (Neurologie)។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិនេះ តាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាសារជាថ្មី ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សដែលនឹងផ្តល់នូវកាលានុវឌ្ឍភាពដល់និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តផ្នែកអេពីដេមីសាស្រ្ត នៅស.វ.ស, ការរៀបចំគម្រោងស្រាវជ្រាវរួមគ្នា និងការផ្លាស់ប្តូរនិស្សិតថ្នាក់កម្មវិធីអន្តរជាតិផ្នែកវេជ្ជសាស្រ្តដើម្បីចុះកម្មសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Limoges ប្រទសបារាំង។
លោកសាស្រ្តាចារ្យ Pierre-Marie PREUX បានគាំទ្រសំណើរបស់ស.វ.ស លើកិច្ចសហការទាំងនេះ និងបន្តពិភាក្សាលំអិតបន្ថែមជាមួយមហាវិទ្យាល័យ សាលា ផ្នែកពាក់ព័ន្ធ ដើម្បីឱ្យកិច្ចសហការទាំងនេះ ប្រព្រឹត្តិទៅដោយភាពជោគជ័យ។