រដ្ឋមន្រ្តីក្រសួងសុខាភិបាល កោតសសើរទឹកចិត្តសប្បុរសធម៌អ្នកបរិច្ចាគឈាម រៀបចំនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ទីតាំងទី២ ស.វ.ស៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ "ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា" នៅបរិវេណទី២ នៃសាកលវិទ្យា-ល័យវិទ្យាសាស្ត្រសុខាភិបាល។ កម្មវិធីនេះជាកម្មវិធីលើកទី១៥ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។
កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សា ក្រសួងសុខាភិបាលនិងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ តំណាងដៃគូ ព្រមទាំង សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិតអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង៣០០នាក់ ។
លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរំលឹកពីអនុស្សាវរីយ៍ វីតាល់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយចាប់តាំងពីឆ្នាំ២០១៣ វីតាល់ បានក្លាយជាដៃគូយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងការចូលរួមឧបត្ថម្ភទាំងស្រុងសម្រាប់ការរៀបចំកម្មវិធីទទួលយកអំណោយឈាម ជារៀងរាល់ឆ្នាំពីសប្បុរសជន។ លោកជំទាវ បានបន្ថែមថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់ បានចាត់ទុកជាអាទិភាពផងដែរ។ តួយ៉ាងដូចអ្វី
ដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផល វីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់ក្នុង១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ និងក្តីមេត្តាករុណា។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍៖ កោតសសើរដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងឡាយដែលមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាមជាទៀងទាត់ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ដោយស្ថានភាពនៃសង្គមមានសភាពវិលត្រឡប់មកកាន់ប្រក្រតីភាពវិញ គួបផ្សំជាមួយយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល សាកលវិទ្យាល័យបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញនូវការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិត នៅបរិវេណសាកលវិទ្យាល័យស្របតាមគន្លងប្រក្រតីភាពថ្មី។ បន្ថែមពីនេះ ឯកឧត្តមសូមកោតសសើរ និងថ្លែងអំណរគុណដល់វីតាល់ ដែលតែងតែនៅជាមួយសាកលវិទ្យាល័យ ចូលរួមឧបត្ថម្ភ គាំទ្រទាំងស្រុងដល់ដំណើរការរៀបចំតាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការ បុគ្គលិកទាំងអស់ យើងពិតជាមានកិត្តិយសក្រៃលែងដោយបានរួមសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម មានសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។
គួរបញ្ចាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការឧបត្ថម្ភ គាំទ្រដោយវីតាល់ រយៈពេល១ថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមប្រមាណជិត៣០០នាក់។ វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភ គាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕

Posted on: 12/22/2022 3:32:45 PM