ស.វ.ស រៀបចំពិធី"ប្រគល់-ទទួល Tablets ១០០គ្រឿង" ពីសាកលវិទ្យាល័យ Kagawa ប្រទេសជប៉ុន
ភ្នំពេញ៖ ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីតាំងទី១ ស.វ.ស មានរៀបចំពិធី "ប្រគល់-ទទួល Tablet ១០០គ្រឿង" ជាអំណោយរបស់ BHN Telecom Association តាមរយៈ សាកលវិទ្យាល័យ Kagawa នៃប្រទេសជប៉ុន មកកាន់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" តាមប្រព័ន្ធ Online។
លោកសាស្រ្តាចារ្យ Yoshiyuki Kakehi បានលើកឡើងពីទំនាក់ទំនងដ៏ល្អដែលស.វ.សមានជាមួយនឹងសាកលវិទ្យាល័យ Kagawa នាពេលកន្លងមក។ លោកសាស្រ្តាចារ្យរំពឹងថានឹងមានការផ្លាស់ប្តូរនិស្សិត មន្រ្តី របស់សាកលវិទ្យាល័យទាំងពីរ ក្រោយការធូស្រាលនៃស្ថានភាពរាតត្បាតមេរោគកូវីដ-១៩ នាឆ្នាំបន្ទាប់។ លោកសាស្រ្តាចារ្យ Yoshiyuki Kakehi សង្ឃឹមថា Tablet ១០០គ្រឿងដែលជាអំណោយនាពេលនេះ នឹងជួយបង្កើនប្រសិទ្ធភាពមួយកម្រិតទៀតនៃការបណ្តុះបណ្តាល ការស្រាវជ្រាវតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដល់ស.វ.ស។
អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណលោកសាស្រ្តាចារ្យ Yoshiyuki Kakehi ចំពោះគំនិតផ្តួចផ្តើមដ៏ជាក់លាក់ក្នុងការសហការជាមួយនឹងស.វ.ស និងការចូលរួមផ្តល់ Tablets នាពេលនេះ។ ឯកឧត្តមសាស្រ្តាចារ្យបានលើកពីសារៈសំខាន់នៃអំណោយ Tablets នេះ ដែលនឹងចូលរួមចំណេកក្នុងការធ្វើទំនើបកម្ម ការសិក្សារៀនសូត្រ ការបង្រៀន និងការស្រាវជ្រាវនៅស.វ.ស ហើយក៏ជាតម្រូវការយ៉ាងសំខាន់ ក្នុងសម័យឌីជីថលនេះ ទោះក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាលហើយក្តី។
ឯកឧត្តមសាកលវិទ្យាធិការបានសំដែងនូវការអរគុណចំពោះសាស្រ្តាចារ្យ Masaaki Tokuda និង BHN Telecom Association។ ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងជំនឿជាក់ថា គម្រោងសហការនានារវាងស.វ.ស និងសាកលវិទ្យាល័យ Kagawa នឹងទទួលលទ្ធផលគាប់ប្រសើរ៕