ស.វ.ស ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្តីពី ការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី ពុធ ០៩ កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្តីពី ការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា ដែលពិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ជាមួយគ្នានោះ មានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងនិស្សិត ចំនួនប្រមាណ ៩៧ នាក់ ។
គម្រោងសិក្សានេះ មានរយៈពេល ១១ ខែ និងមានគោលបំណងគោលបំណងប៉ាន់ប្រមាណ កំរិតប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ កំណត់រកកត្តារាំងស្ទះ និង កត្តាជំរុញ ក្នុងការការស្វែងរក និងប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោម អ្នករស់នៅជាមួយមេរោគអេដស៍ ក៏ដូចជាប្រជាជនទូទៅ ក្នុងប្រជាជនកម្ពុជា។ ការប្រមូលទិន្នន័យនៃការអង្កេតបែបគុណភាពបានចាប់ផ្តើមចាប់ក្នុង ខែកក្កដា ឆ្នាំ២០២២ រីឯ ការប្រមូលទិន្នន័យនៃការអង្កេតបែបបរិមាណ បានចាប់ផ្តើមក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាលជំងឺអេដស៍ ចំនួន ៥ កន្លែង និងតាមភូមិចំនួន ១០ ភូមិ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ទួលគោក ៧មករា ចំការមន ច្បារអំពៅ មានជ័យ ជ្រោយចង្វារ ព្រែកព្នៅ និងឬស្សីកែវ នៃរាជធានីភ្នំពេញ។ អ្នកផ្ទុកមេរោគអេដស៍ចំនួន ២៨០ នាក់ និងប្រជាជនទូទៅចំនួន ២៨០ នាក់ ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងការអង្កេតបែបបរិមាណ។
ក្រុមការងារស្រាវជ្រាវ ដែលមានការចូលរួមពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃប្រទេសកម្ពុជា និងសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី និងទទួលការឧបត្ថម្ភថវិកាពីអង្គការ Foundation for Innovative New Diagnostics (FIND) បានការរកឃើញលទ្ធផលសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
(១) ~ ៣០% នៃអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនទូទៅ ក្នុងទីក្រុងភ្នំពេញ បានឆ្លងកាត់ការធ្វើតេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៦ ខែកន្លងមក។
(២) មានតែ ~ ២០% នៃអ្នកចូលរួមការសិក្សា ដែលធ្លាប់ទិញតេស្តរហ័ស អង់ទីហ្សែន រកជំងឺ កូវីដ-១៩ ដែលយល់ថា តេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ មានតម្លៃថោក។
(៣) អ្នកចូលរួមការសិក្សាប្រហែលជា ពី៤០-៥០% ទទួលបានតេស្តរហ័ស អង់ទីហ្សែន រកជំងឺ កូវីដ-១៩ ដោយមិនបង់ប្រាក់កម្រៃ ពីកន្លែងធ្វើការរបស់គាត់។
(៤) អ្នកចូលរួមការសិក្សាប្រហែលជា ពី៤០-៥០% ឆ្លើយថាពួកគាត់នឹងស្វែងរកព្រឹក្សាពីជំហ៊ានបន្ទាប់ពីបុគ្គលិកសុខាភិបាលតាមមន្ទីរពេទ្យរដ្ឋ ប្រសិនបើពួកគាត់បានទទួលលទ្ធផល វិជ្ជមាន ពីតេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ របស់ពួកគាត់។
(៥) តម្លៃថោក និងការណែនាំពីឱសថការី ជាកត្តាចំបង ពីរ ដែលជម្រុញការជ្រើសរើសតេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ បើយោងតាមចម្លើយផ្តល់ដោយអ្នកចូលរួមការសិក្សារបស់យើង។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញនូវសារៈសំខាន់នៃការងារស្រាវជ្រាវនេះ ដោយឯកឧត្តមសាស្រ្តាចារ្យបានបញ្ជាក់ថា ៖ “លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ក្រសួងសុខាភិបាល ក្នុងការបង្កើតជាយុទ្ធសាស្ត្រ ដើម្បីធ្វើឲ្យការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាយើងកាន់តែប្រសើរឡើង និងកាន់តែទូលំទូលាយ ហើយសមស្រប និងត្រឹមត្រូវតាមបទនិយាមស្តង់ដាររបស់តេស្តរហ័ស។” ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបង្ហាញអំពីជ័យជំនះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញវិធានការផ្សេងៗទាន់ពេលវេលា និងមានប្រសិទ្ធភាព រហូតយើងអាចបើកប្រទេសឡើងវិញទាំងស្រុង ស្តារបានឡើងវិញនូវខឿនសេដ្ឋកិច្ចជាតិ ទទួលបានការកោតសរសើរពីអន្តរជាតិ និងជាពិសេសទទួលបានការគាំទ្រ និងជឿជាក់ លើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ពីសំណាក់ប្រជាពលរដ្ឋយើង។ ប្រទេសកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុតពីការចំលងនៃវីរុសកូវីដ១៩ របស់ Nikkei (COVID-19 Recovery Index) និងក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អ ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំងដប់នៅលើពិភពលោក។
គួរបញ្ជាក់ថា៖ ក្រៅពី ការសិក្សាស្រាវជ្រាវ ស្តីពី ការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៏បានចូលរួម ក្នុងសកម្មភាព ចំនួន ២ ផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងការវាយតម្លៃគុណភាពខាងក្រៅនៃការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ (Quality Control/Quality Assurance) និងការប្រើប្រាស់បច្ចេកវិទ្យា Oxford Nanopore (ONT) ដើម្បីធ្វើ sequencing រកមេរោគ SARS-CoV-2 និងមេរោគផ្សេងៗទៀត ដោយសហការជាមួយ អ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសមន្ទីរពិសោធន៍ មកពី Doherty Institute for Infection and Immunity របស់ប្រទេសអូស្ត្រាលី៕

Posted on: 11/03/2022 9:18:47 AM