ស.វ.ស រៀបចំវគ្គបណ្តុះបណ្តាល និងប្រគល់ Tablet ជូនអ្នកជំនាញក្នុងសេវាថែទាំនិងព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យ ២ បន្ថែមទៀត នៅប្រទេសកម្ពុជា
ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ០៤ កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបង្កើនទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អ តាមរយៈបច្ចេកវិទ្យាទំនាក់ទំនង ក្នុងវិស័យសុខាភិបាល” ជូនមន្រ្តី-បុគ្គលិកសុខាភិបាល ដែលអញ្ជើញមកពី មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិង កាមរោគ គ្លីនិកជាតិ មន្ទីរពេទ្យដែលផ្តល់សេវាថែទាំ និងព្យាបាលជំងឺអេដស៍ និងដៃគូអភិវឌ្ឍន៍។ អ្នកចូលរួមនៅក្នុងឱកាសនេះរួមមាន វត្តមានផ្ទាល់ចំនួន ១៥នាក់។
ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស និង លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។
ក្នុងវគ្គបណ្តុះបណ្តាលនេះមានការបង្ហាញអំពីទិដ្ឋភាពជារួមនៃគម្រោងស្រាវជ្រាវ និងផ្តល់ការបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តប្រើប្រាស់ប្រព័ន្ធ Information and Communication Technology (ICT) របៀបប្រើប្រាស់ Tablet ក្នុងការបំពេញភារ:កិច្ច និងទំនាក់ទំនងជាមួយអ្នកជម្ងឺ រួមទាំងផ្តល់ការបណ្តុះបណ្តាលដើម្បីបង្កើនទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អជាមួយអ្នកជម្ងឺ។
ក្នុងឱកាសនេះផងដែរ ក៏មានការប្រគល់ Tablet ចំនួន ៦ គ្រឿងបន្ថែមជូនដល់មន្ទីរពេទ្យសេរីសោភ័ណ និងសេវាព្យាបាលជំងឺអេដស៍មន្ទីរពេទ្យព្រះកុសុមៈ ដែលគាំទ្រដោយអង្គការ AIDS Healthcare Foundation (AHF)។ គួរកត់សម្គាល់ដែរថា នេះជាលើកទី ២ ហើយដែល ស.វ.ស បានផ្តល់ជូន Tablet សម្រាប់សម្រួលដល់ទំនាក់ទំនងរវាងអ្នកជំងឺ និងអ្នកផ្តល់សេវាព្យាបាលជំងឺអេដស៍ក្រោមការឧបត្ថម្ភពីអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងឆ្នាំ ២០២១ ស.វ.ស បានប្រគល់ ចំនួន ១៤ គ្រឿងជូនដល់ គ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ មន្ទីរពេទ្យជ័យជំនះ និងគ្លីនិកសុខភាពសង្គម ដើម្បីសម្រួលដល់ទំនាក់ទំនងជាមួយអ្នកជម្ងឺ និងស្ថាប័នពាក់ព័ន្ធផងដែរ។