នាយកបណ្តុះបណ្តាលដែលនឹងចប់អណត្តិ និងនាយកបណ្តុះបណ្តាលថ្មី នៃវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា (Institut Français du Cambodge) បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)
នារសៀល ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយលោក Julien Martin នាយកបណ្តុះបណ្តាលដែលនឹងចប់អណត្តិ នៃវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា (Institut Français du Cambodge) និងមានវត្តមានលោកស្រី Lee-Diane Vincent នាយកបណ្តុះបណ្តាលថ្មី។
នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសំដែងនូវការថ្លែងអំណរគុណ ចំពោះលោក Julien Martin ដែលបានសហការយ៉ាងល្អ និងប្រកបដោយផ្លែផ្កាជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងរយៈពេល នៃអណត្តិរបស់លោក ចំនួន ០៤ ឆ្នាំកន្លងមកនេះ។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានស្នើសុំ លោកស្រី Lee-Diane Vincent នាយកបណ្តុះបណ្តាលថ្មី នៃវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា ពង្រឹង និងពង្រីកសកម្មភាពសហការបន្ថែមទៀត និងជួយបង្កើនការយល់ពីសារប្រយោជន៍នៃភាសាបារាំង និងបង្កើនការចាប់អារម្មណ៍សិក្សាភាសាបារាំង របស់និស្សិតស.វ.ស តាមរយៈយុទ្ធសាស្រ្តផ្សេងៗ។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណ ចំពោះវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា ដែលបានជួយបណ្តុះបណ្តាលភាសាបារាំង ដល់និស្សិតស.វ.ស បានដល់កម្រិតខ្ពស់ (DELF B2) ដែលនេះជាលក្ខខណ្ឌតម្រូវមួយអនុញ្ញាតឱ្យនិស្សិតស.វ.ស មានអាទិភាព ក្នុងការប្រកួតប្រជែង ស្នើសុំអាហារូបករណ៍ DFMS/DFMSA នៃប្រទេសបារាំង។
គួររំលឹកថា ចាប់ពីឆ្នាំ២០១៨ មក ចំនួននិស្សិត ស.វ.ស ទៅបន្តការសិក្សា ឬកម្មសិក្សា នៅប្រទេសបារាំង បានកើនឡើងខ្លាំង ដែលមុនឆ្នាំ២០១៧ និស្សិតស.វ.ស ពី ២០ ទៅ ៣០ នាក់ ប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ ទទួលបានឱកាសទៅបន្តការសិក្សា ឬកម្មសិក្សា នៅប្រទេសបារាំង។ ចាប់ពីឆ្នាំ២០១៨ មក និស្សិតស.វ.ស ចំនួន ចាប់ពី៥០ នាក់ ដល់ជាង ៨០ នាក់ ក្នុងមួយឆ្នាំៗ ទទួលបានអាហារូបករណ៍ DFMS/DFMSA ដើម្បីបន្តការសិក្សា ឬកម្មសិក្សា នៅប្រទេសបារាំង។
សាកលវិទ្យាល័យ ក៏កំពុងខិតខំពង្រឹង និងពង្រីកកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា និងក៏ដូចជាការពង្រឹងគុណភាពបណ្តុះបណ្តាល និងបង្កើនចំណេះដឹងភាសាបរទេស ទាំងភាសាបារាំង និងភាសាអង់គ្លេស ដើម្បីនិស្សិតស.វ.ស កាន់តែមានសមត្ថភាពខ្ពស់ ដែលទាំងនេះ នឹងក្លាយជាមធ្យោបាយយ៉ាងចាំបាច់ ជួយដល់និស្សិតស.វ.ស ក្នុងការប្រកួតប្រជែងទទួលបានអាហារូបករណ៍កម្មសិក្សា ឬសិក្សា នៅបរទេស កាន់តែច្រើនឡើងបន្ថែមទៀត៕