IUHW ប្រទេសជប៉ុន បង្កើនអាហារូបករណ៍ ផ្នែកវេជ្ជសាស្រ្ត ដល់ចំនួន ០៥នាក់ ក្នុងឆ្នាំ ២០២២ ដល់ស.វ.ស

ទីតាំងទី១ ស.វ.ស៖ ថ្ងៃចន្ទ ៣រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ Dr. Kuninori TAKAGI, Chairman, International University of Health and Welfare (IUHW) ប្រទេសជប៉ុន។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវអំណរគុណ ចំពោះ International University of Health and Welfare (IUHW) ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតស.វ.ស កន្លងមក និងបានបង្ហាញពីបំណងពង្រីកកិច្ចសហប្រតិបត្តិនេះ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទាំងការផ្លាស់ប្តូរនិស្សិត មន្រ្តី បុគ្គលិក សាស្រ្តាចារ្យ ការផ្តល់អាហារូបករណ៍ជូននិស្សិត និងកិច្ចសហការលើដំណើរការមន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងកម្រិតស្តង់ដាអន្តជាតិ។

Dr. Kuninori TAKAGI, Chairman, International University of Health and Welfare (IUHW) ប្រទេសជប៉ុន បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការកន្លងមក និងបានកោតសរសើរ ចំពោះនិស្សិតស.វ.ស ដែល មានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងបាន ជាលក្ខណៈអន្តរជាតិ។ ក្នុងឆ្នាំ ២០២២ នេះ Dr. Kuninori TAKAGI បានសម្រេចផ្តល់អាហារូបករណ៍រយៈពេល ០៦ ឆ្នាំ ផ្នែកវេជ្ជសាស្រ្ត ចំនួន ០៥នាក់។
គួររំលឹកថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការណែនាំប្រកបដោយទស្សនៈចក្ខុវិស័យវែងឆ្ងាយពីសំណាក់ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស កិច្ចសហប្រតិបត្តិការ រវាង ស.វ.ស និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន បានចាប់ផ្តើម តាំងពីឆ្នាំ២០១៦ មក។ នាពេលកន្លងមក សាកលវិទ្យាល័យ IUHW ដែលបានផ្តល់អាហារូបករណ៏ ដល់និស្សិតស.វ.ស ចំនួន ០២ នាក់ ក្នុង ០១ ឆ្នាំ (សរុបមកដល់ឆ្នាំ២០២១ មានចំនួន ១២ នាក់) បានទៅសិក្សានៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ។

នៅឆ្នាំ២០២២ នេះ សាកលវិទ្យាល័យ IUHW បានសម្រេចផ្តល់អាហារូបករណ៏ទៅសិក្សានៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំនេះ ដល់និស្សិតស.វ.ស ចំនួន ០៥ នាក់បន្ថែមទៀត។
ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ស.វ.ស បានទទួលទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ IUHW សរុបចំនួន ៩០ នាក់ និងនៅឆ្នាំ២០២២នេះ ស.វ.ស បានទទួលនិស្សិតសាកលវិទ្យាល័យ IUHW មកធ្វើកម្មសិក្សា ចំនួន ០១ នាក់៕

Posted on: 08/16/2022 5:04:17 PM