ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្ត ស.វ.ស ពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាពជូនប្រជាពលរដ្ឋសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយមិនគិតកម្រៃ

នាព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង (H.E Prof. MAM Bunheng) រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស បានធ្វើការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅ ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។
ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកណែនាំដល់បងប្អូនឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ និង ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។ ឯកឧត្តមសាស្រ្តាចារ្យបានអំពាវនាវឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្នអំពីកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់"៣ការពារ ៣កុំ" ជានិច្ច ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។
កម្មវិធីអប់រំ និងពិនិត្យសុខភាពរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នេះ រួមមានការផ្តល់នូវសេវា មានជាអាទិ ពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅ (សម្រាប់មនុស្សពេញវ័យ និងកុមារ) , ពិនិត្យមាត់-ធ្មេញ, ពិនិត្យភ្នែក (មានផ្តល់វ៉ែនតា), ពិនិត្យជំងឺបេះដូង-វាស់សង្វាក់បេះដូង អេកូបេះដូង, ពិនិត្យផ្ទៃពោះ និងអេកូពោះ, ព្យាបាលដោយចលនា, មន្ទីរពិសោធន៍, ផ្តល់ឱសថ ដែលសេវាទាំងអស់នេះ គឺមិនគិតថ្លៃ។
គួរជម្រាបថា ការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ននេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យខិតជិតដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៏និងដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕

Posted on: 07/27/2022 12:41:29 PM