សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" និងមន្ទីរពេទ្យ Singhealth នៃប្រទេសសឹង្ហបូរី បន្តអនុស្សារណៈយោគយល់គ្នា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងមន្ទីរពេទ្យ SingHealth នៃប្រទេសសឹង្ហបូរី និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងលោកសាស្រ្តាចារ្យ Tan Hiang Khoon, Director (SDGHI), Group Director (International Collaboration office, SingHealth), DCEO (Future Health System – Singapore General Hospital) និងមានការចូលរួមជាកិតិ្តយសពីថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមជាមួយគណៈប្រតិភូ មកពីមន្ទីរពេទ្យ Singhealth នៃប្រទេសសឹង្ហបូរី ផងដែរ។

ពិធីនេះជាការបន្តចុះអនុស្សារណៈយោគយល់គ្នា ជាលើកទី២ ដែលអនុស្សារណៈយោគយល់គ្នាលើកទី១ បានចាប់ផ្តើមពីឆ្នាំ២០១៨ កន្លងមក។ នេះ ជាសក្ខីភាព បង្ហាញ នូវកិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួត ប្រកបដោយផ្លែផ្កា និងដែលផ្តល់ជាប្រយោជន៍ នៃស្ថាប័នទាំងនេះ។

នៅក្នុងជំនួបនៃពិធីនេះ គណៈប្រតិភូ នៃស្ថាប័នទាំងពីរ ក៏បានបង្ហាញនូវភាពខិតខំជម្រុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ ទាំងលើការចូលរួមធនធានរួមគ្នា លើការអនុវត្តគម្រោង ដែលជាប្រយោជន៍ នៃស្ថាប័នទាំងពីរ និងលើការបណ្តុះបណ្តាល ជាពិសេសការរៀបចំកម្មវិធីបណ្តុះបណ្តាល Radiation therapy កម្មវិធីសង្គ្រោះ PCR និងផ្នែកព្យាបាលដោយចលនា។

លោកសាស្រ្តាចារ្យ Tan Hiang Khoon Director (SDGHI) ក៏បានផ្តល់កិត្តិយសអញ្ជើញ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ និងសហការី ចូលរួមក្នុងសន្និសីទ 7th World One Health Congress 2022 ដែលនឹងរៀបចំដោយ SingHealth Duke-NUS Global Health Institute (SDGHI) នឹងប្រព្រឹត្តទៅ នៅប្រទេសសឹង្ហបុរី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

Posted on: 05/20/2022 11:59:53 AM