លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឆ្នាំសិក្សា ២០២១-២០២២
នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ២២ជំនាញ ក្នុងឆ្នាំសិក្សា ២០២១-២០២២ ទើបប្រឡងជាប់ចូលរៀន ចំណាត់ថ្នាក់លេខ១ ចំនួន ២២រូប ដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលកិត្តិយសដ៏ឧត្តុង្គឧត្តមចូលរួមក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាតំណាងមូលនិធិអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានសម្តែងនូវគារវកិច្ចគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជូនលោកជំទាវបណ្ឌិតដែលបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ។ ឯកឧត្តមសាស្រ្តាចារ្យបានរាយការណ៍ជាសង្ខេបជូនលោកជំទាវអំពីស្ថានភាពនិស្សិតដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅស.វ.ស។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននិស្សិតឆ្នើមទាំងអស់។ លោកជំទាវបណ្ឌិតបានសម្តែងនូវការកោតសរសើរចំពោះការខិតខំរៀនសូត្ររហូតប្រឡងជាប់ដោយជោគជ័យរបស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនាពេលនេះ។ លោកជំទាវបណ្ឌិត ក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗដែលលោកជំទាវបណ្ឌិតផ្ទាល់បានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុសាសន៍ក្រើនរំព្ញក អោយប្អូនៗនិស្សិតទាំងអស់ត្រូវចេះជួយគ្នា និងមានសាមគ្គីភាព។ លោកជំទាវបណ្ឌិតបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ក្នុងការចូលរួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីជួយពិនិត្យព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ។
គួរជម្រាបជូនថា ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់ពេលបច្ចុប្បន្ន ដោយមានការសណ្តោសអំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀនជាប់លេខ១ នៅសវស ចំនួន ២០៤ នាក់ (ស្រី៥៤នាក់) បានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមនិស្សិតទាំងនោះ និស្សិតចំនួន ៦៦នាក់ (ស្រី១៤នាក់) បានបញ្ចប់ការសិក្សាដោយជោគជ័យ និងមាននិស្សិតចំនួន៤៥នាក់ (ស្រី១០នាក់) បានបន្តការសិក្សាទៅប្រទេសបារាំង ។