ស.វ.ស រៀបចំសិក្ខាសាលាស្តីពីសមិទ្ធផលឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
ខេត្តកែប៖ នាព្រឹកថ្ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” បានរៀបចំសិក្ខាសាលាស្តីពីសមិទ្ធផលឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅខេត្តកែប។
សិក្ខាសាលានេះ មានការអញ្ជើញជាអធិបតីភាពក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាអម ក្រសួងសុខាភិបាលទទួលបន្ទុកស.វ.ស និងឯកឧត្តមឱសថការី ម៉ែន សុធីរ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីសុខាភិបាលខេត្តកែប។ បន្ថែមពីនោះ មានវត្តមានពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយក នាយករង ប្រធានការិយាល័យ លេខាធិការដ្ឋាន តំណាងស្ថានទូតបារាំង និងស្ថាប័នជាដៃគូរសក្តានុពលរបស់ស.វ.ស ធនាគារពិភពលោក ICRC AVI និង Eye Care Foundation សរុបប្រមាណ៥០រូប។
លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរង បានលើកឡើងពីគោលបំណងនៃការរៀបចំសិក្ខាសាលានេះដើម្បីផ្តល់ឱកាសដល់មហាវិទ្យាល័យ សាលា ការិយាល័យ លេខាធិការដ្ឋានក្រោមឱវាទស.វ.ស បង្ហាញអំពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ និង គោលដៅឆ្នាំ២០២២ របស់ខ្លួន ក៏ដូចជាការរិតចំណងសាមគ្គីភាពក្នុងស្មារតីគ្រួសារស.វ.សតែមួយ។
ឯកឧត្តមឱសថការី ម៉ែន សុធីរ បានសម្តែងនូវក្តីរីករាយ និងសូមអរគុណស.វ.ស ដែលបានជ្រើសរើសខេត្តកែប ក្នុងការរៀបចំសិក្ខាសាលានេះ។ ឯកឧត្តមឱសថការីបានលើកឡើងពីសេវាសុខាភិបាលជាសក្តានុពលនៅខេត្តកែប។
ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន បានសម្តែងនូវការកោតសរសើរនៃការខិតខំអនុវត្តសកម្មភាពរបស់ស.វ.ស ធ្វើការងារជាអាទិភាពប្រកបដោយការទទួលខុសត្រូវ សាមគ្គីភាព ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩។
ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន បានថ្លែងនូវការវាយតម្លៃពីសមិទ្ធិផលដែលស.វ.សសម្រេចនាពេលកន្លងមក។
អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានលើកឡើងអំពីសមិទ្ធិផលសំខាន់ៗដែលស.វ.ស សម្រេចបាននាពេលកន្លងមក ទាក់ទងនឹងការងារការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និង ការផ្តល់សេវានៅស.វ.ស ទោះក្នុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩។ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការបានណែនាំ ឲ្យអង្គសិក្ខាសាលា ត្រូវកំណត់គោលដៅឲ្យខ្ពស់អស់លទ្ធភាព ប្រឹងប្រែងប្រើប្រាស់ធនធានដែលបានវិនិយោគ ដើម្បីបង្កើនគុណភាពការបណ្តុះបណ្តាលនៅស.វ.ស និងអនុវត្តគោលការណ៍មគ្គុទេសក៍ និងតម្លៃ របស់សាកលវិទ្យាល័យ និងត្រូវប្រើប្រាស់ ផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យ ជាត្រីវិស័យ សម្រាប់ការរៀបចំផែនការប្រតិបត្តិឆ្នាំ២០២២ នេះ។
គួរជម្រាបជូនថា ចក្ខុវិស័យសម្រាប់ផែនការយុទ្ធសាស្រ្តដំណាក់កាលថ្មី គឺសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នឹងក្លាយជា គ្រឹះស្ថានឧត្តមសិក្សាជាតិឈានមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យ វិទ្យាសាស្រ្តសុខាភិបាល ប្រកបដោយ ឧត្តមភាព ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា។ សិក្ខាសាលានេះមានរយ:ពេល៣ថ្ងៃ ចែកចេញជា៦វគ្គសំខាន់ៗ។