ស.វ.ស រៀបចំសិក្ខាសាលាអន្តរជាតិ “បច្ចុប្បន្នភាពវេជ្ជសាស្ត្រ-សល្យសាស្រ្ត កម្ពុជា-បារាំង” លើកទី៤

ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) និងបណ្ឌិតសភាវេជ្ជសាស្រ្តជាតិ (Académie Nationale de Médecine) នៃប្រទេសបារាំង នារសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំសិក្ខាសាលាអន្តរជាតិតាមប្រព័ន្ធ Online ស្តីពី”បច្ចុប្បន្នភាពវេជ្ជសាស្ត្រកម្ពុជា-បារាំង” លើកទី៤ ដោយមានអ្នកចូលរួមប្រមាណ១០០នាក់។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោកសាស្រ្តាចារ្យជំនួយ ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមទាំងលោកសាស្ត្រាចារ្យ Patrice Debré ជាប្រធាន នៃបណ្ឌិតសភាវេជ្ជសាស្ត្រជាតិបារាំង និង លោកសាស្ត្រាចារ្យ Jacques Baulieux ជាសមាជិកនៃបណ្ឌិតសភាវេជ្ជសាស្ត្រជាតិបារាំង និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមប្រធានបទ៖ "Quoi de neuf en chirurgie oncologique digestive au Cambodge? " ដោយមានវាគ្មិនពីសំណាក់លោកវេជ្ជបណ្ឌិតឯកទេស តារា វិទ្យា វេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត និងលោកសាស្ត្រាចារ្យ Jacques Baulieux។
សិក្ខាសាលាកម្រិតអន្តរជាតិនេះ មានគោលបំណងចូលរួមលើកកម្ពស់ការចែករំលែកបទពិសោធន៌ រវាងវេជ្ជបណ្ឌិត និងនិស្សិតផ្នែកវេជ្ជសាស្ត្រ ដែលស្ថិតនៅក្នុងប្រទេសដែលប្រើប្រាស់ភាសាបារាំង និងដើម្បីធ្វើបច្ចុន្នប្បភាពនៃចំណេះដឹងថ្មីទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រ ហើយវាក៏ជាវេទិកាថ្មីមួយ សម្រាប់ចែករំលែកបទពិសោធន៍ ចំណេះដឹងផ្នែក Médico-Chirurgicales នាពេលបច្ចុប្បន្នរវាងកម្ពុជា និងប្រទេសប្រើប្រាស់ភាសាបារាំង។

Posted on: 11/25/2021 10:44:34 AM