និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស៧២រូប នៃស.វ.ស ត្រៀមទៅសិក្សានៅប្រទេសបារាំង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ ចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ នៅទីតាំងទី១នៃស.វ.ស មានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិត ជ័យលាភីអាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណរដ្ឋបារំាង ក្នុងសិក្សាឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.សបានគោរពរាយការណ៍អំពីរបាយការណ៍សង្ខេបជូនគណៈអធិបតី និងអង្គពិធី។ ឯកឧត្តមសាកលវិទ្យាធិការបានលើកឡើងថា ភាពជោគជ័យដែលសាកលវិទ្យាល័យអាចទទួលបានទាំងនេះ កើតមានឡើងក៏អាស្រ័យដោយមានការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលស.វ.ស។
លោកជំទាវ Eva Nguyen Binh បានសម្តែងការអបអរសាទរ និងស្ងើចសរសើរចំពោះការខិតខំនាពេលកន្លងមករបស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់។ លោកជំទាវបានលើកឡើងពីវប្បធម៌ និងជម្ងឺ COVID-19 ដោយនិស្សិតទាំងអស់ត្រូវការពារខ្លួនឱ្យបានជាប់លាប់។ លោកជំទាវឯកអគ្គរដ្ឋទូតបានជូនពរឱ្យនិស្សិតទទួលជោគជ័យក្នុងការសិក្សានៅប្រទេសបារាំង។
ឯកឧត្ដមសាស្រ្តាចារ្យ អេង ហួត បានលើកឡើងថា ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងស.វ.ស និងភាគីបារាំងដែលចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល និងបញ្ជាក់អំពីជោគជ័យមួយក្នុងការកសាងសមត្ថភាព និងជំនាញឯកទេសក្នុងវិស័យសុខាភិបាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបថា ក្នុងឆ្នាំ២០២០នេះ និស្សិតស.វ.ស ៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៤នាក់ និងបុរសចំនួន៤៨នាក់ សិក្សារយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលចំនួន១៩ ដោយបែងចែកឯកទេសចំនួន២៣។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៩ មាននិស្សិតវេជ្ជសាស្រ្តស.វ.ស (ផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស) សរុបចំនួន ៨៣២ នាក់ហើយ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។

Posted on: 10/27/2020 11:54:31 AM