Deprecated: Function get_magic_quotes_gpc() is deprecated in /home/customer/www/uhs.edu.kh/public_html/includes/database.php on line 28
UHS WEBSITE

ទីប្រឹក្សាថ្មីស្ថានទូតបារាំងបង្ហាញការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំស.វ.ស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ​ ១២ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ទីប្រឹក្សាថ្មីរបស់ស្ថានទូតបារាំងលោក Christophe Gigaudaut​ និងប្រតិភូអមដំណើរ បានអញ្ចើញជួបសម្តែងការគួរសម និងពិភាក្សារការងារជាមួយនឹងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស។
ជំនួបប្រជុំនេះមានគោលបំណងបង្ហាញពីចក្ខុវិស័យរបស់ស.វ.ស អំពីការអប់រំក្នុងវិស័យសុខាភិបាលរបស់ស.វ.ស និងការចុះកម្មសិក្សាទ្វេភាគីរបស់និស្សិតស.វ.ស និងនិស្សិតបារាំង,​ ការចូលរួមចំណែកអភិវឌ្ឍយ៉ាងសកម្មពីភាគីប្រទេសបារាំងលើការអប់រំ និងអភិវឌ្ឍវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នើសុំបន្តការសហប្រតិបត្តិការល្អពីភាគីប្រទេសបារាំង ក្នុងកម្រិតគ្រឹះស្ថានសិក្សា។ លើសពីនេះទៀត ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ក៏បានលើកឡើងផងដែរពីការលើកកម្ពស់ភាសាបារាំងនៅស.វ.ស តាមរយៈការសហការជាមួយ វិទ្យាស្ថានភាសាបារាំងក្នុងប្រទេសកម្ពុជា (Institut Français du Cambodge)ក្នុងការរៀបអត្ថបទខ្លឹមសារមេរៀនជាក់លាក់​ (Français sur Objectif Spécifique)សម្រាប់និស្សិតស.វ.ស. តាមរយៈការចូលរួមក្នុងទិវាអ្នកនិយាយនិងប្រើប្រាស់ភាសាបារាំង La Journée de la Francophonie។
ដោយឡែកដើម្បីផលប្រយោជន៍នាពេលអនាគតក្នុងការចុះធ្វើកម្មសិក្សាទៅប្រទេសបារាំងរបស់និស្សិតស.វ.ស ឯកឧត្តមសាកលវិទ្យាធិការក៏បានស្នើទៅទីប្រឹក្សារបស់ស្ថានទូតបារាំងលោក Christophe Gigaudaut​ ដើម្បីសុំការចូលរួមពីភាគីស្ថានទូតបារាំង ក្នុងការធ្វើបទបង្ហាញពីដំណើរការ និងបែបបទស្នើសុំទិដ្ឋាការ ក៏ដូចជាការរស់នៅប្រចាំថ្ងៃក្នុងប្រទេសបារាំង (ជីវិតក្នុងសង្គម និងក្នុងសាកលវិទ្យាល័យ/មន្ទីរពេទ្យ)។​
លោកទីប្រឹក្សារបស់ស្ថានទូតបារាំង បានសម្តែងនូវការគាំទ្រនូវមតិ របស់ឯកឧត្តមសាកលវិទ្យាធិការ និងសម្តែងសុទិដ្ឋិនិយមក្នុងការបន្តសហប្រតិបត្តិការល្អជាមួយស.វ.ស៕

Posted on: 10/16/2020 5:05:47 PM