ស.វ.ស រៀបចំពិធីដាំកូនឈើគ្រញូង ៣៥០ដើម នៅទីតាំងទី៣ 

នាព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល (ស.វ.ស) បានប្រារព្ធពិធីដាំដើមឈើ នៅក្នុងបរិវេណទីតាំងទី៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃស.វ.ស រួមជាមួយការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាភិបាលនៃស.វ.ស ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តមតំណាងក្រសួងកសិកម្ម  ឯកឧត្តមតំណាងក្រសួងបរិស្ថាន លោកអភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ ព្រមទាំងវត្តមានឯកឧត្តម លោក លោកស្រីសាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលយ៉ាងច្រើនកុះករ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានជម្រាបជូនអង្គពិធីថា ដោយមានការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមសាស្ត្រាចារ្យ   ម៉ម ប៊ុនហេង រដ្ឋមន្រ្តី និងជាប្រធានក្រមប្រឹក្សាភិបាលស.វ.ស សាកលវិទ្យាល័យបានគ្រោងរៀបចំទីតាំងទី៣នេះ ជាមន្ទីរពេទ្យសាកលវិទ្យាល័យ នៅលើផ្ទៃដីទំហំ ២៣.២៤៤ ម៉ែត្រការ៉េ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ សម្រាប់បម្រើការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវាសុខាភិបាល ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តនីតិវិធីនៃការរៀបចំដំណើរការដេញថ្លៃសាងសង់។ នៅក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ ស.វ.សបានកំណត់នូវយុទ្ធសាស្រ្តលើកកម្ពស់គោលការណ៍សាកលវិទ្យាល័យបៃតង ដោយបានអនុវត្តជាប្រចាំនូវការសន្សំសំចៃការប្រើប្រាស់ទឹក ភ្លើងអគ្គិសនី និងក្រដាស។ ស្របតាមផែនការយុទ្ធសាស្រ្តនេះ ស.វ.សបានរៀបចំដាំដើមឈើក្រញូង ចំនួន ៣៥០ដើម ជាប្រភេទរុក្ខជាតិកម្រ និងមានតម្លៃ ដែលក្នុងនោះមានកូនក្រញូងចំនួន ២១០ដើម គឺជាអំណោយរបស់នាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាំ និងព្រៃឯកជន នៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានផ្តួចផ្តើមគំនិតដាំដើមឈើ ក្នុងបរិវេណទីតាំងទី៣ នៃសាកលវិទ្យាល័យនេះ។ សកម្មភាពនេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តទីក្រុងបៃតង ក៏ដូចជាចូលរួមចំណែកក្នុងយុទ្ធសាស្រ្តជំរុញភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដែលយុទ្ធសាស្រ្តទាំងនេះ បានកំណត់យ៉ាងច្បាស់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។ ការដាំកូនឈើនេះ នឹងជួយបណ្តុះគំនិតស្រលាញ់ធម្មជាតិ ថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិយើង ដល់មន្រ្តី បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបណ្តុះគំនិតក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាចំបងរបស់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ហើយដើមឈើនេះ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ  មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹង    បរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។ ការប្រែប្រួលអាកាសធាតុ នាំមកនូវមិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកំដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាត ជាដើម ។ 
ជាចុងបញ្ចប់ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ការដាំកូនឈើក្រញូងនៅថ្ងៃនេះ គឺពិតជានឹងផ្តល់ផលប្រយោជន៍ ទាំងបរិស្ថានល្អសម្រាប់ទីធ្លាមន្ទីរពេទ្យសាកលវិទ្យាល័យនាពេលអនាគតដ៏ខ្លីខាងមុខនេះផង ទាំងគោលបំណងការពារពូជរុក្ខជាតិដ៏មានតម្លៃ និងកម្រផង ហើយសកម្មភាពនេះ នឹងបំផុសគំនិតថែរក្សា    បរិស្ថាន ស្រលាញ់ធម្មជាតិ ដល់មន្រ្តី បុគ្គលិក និស្សិត និងសាធារណៈជនទាំងអស់ ដែលជាកោសិកានៃសង្គម ត្រូវមានភារកិច្ចចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ ដើម្បីភាពរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អប្រសើរ៕

Posted on: 08/11/2020 10:56:19 AM