ជាតិ បណ្ឌិត កូនខ្មែរទី១ដែលទៅបន្តការសិក្សាថ្នាក់ Master ផ្នែកទន្តសាស្រ្តនៅប្រទេសបារាំង

កើតនៅក្នុងគ្រួសារដែលមានជីវភាពមធ្យម ជាតិ បណ្ឌិត គឺជាកូនច្បងក្នុងគ្រួសារមួយដែលមានបងប្អូន២នាក់ និង កំព្រាលោកឪពុកតាំងតែពីគាត់មានអាយុ២ឆ្នាំមកម៉្លេះ។ ជាមួយនឹងការខិតខំសិក្សារៀនសូត្រយ៉ាងអំណត់ អតីតសិស្សវិទ្យាល័យទូលទំពូងរូបនេះបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងនិទ្ទេស B។ កម្រិតទិន្ទេសខ្ពស់នេះ ជាតិ បណ្ឌិត បានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលកម្ពុជា សិក្សានៅមហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

អតីតនិស្សិតទន្តវទនសាស្រ្តជំនាន់២៣ រូបនេះ គឺជាបុគ្គលមួយរូបដែលមានឆន្ទៈចង់ចេះចង់ដឹងជាពន្លឹកទាក់ទងនឹងការរៀនសូត្រ។ គាត់បានពោលថា៖ “ក្រៅពីការសិក្សានៅសាលា ការផ្តល់ជម្រើសភាសាបន្ថែម គឺជាកាតាលីករមួយសម្រាប់ការសិក្សារបស់ខ្ញុំ”។ ពំនោលមួយឃ្លាដែលកើតចេញពីការដៅផែនការនៅអនាគតនេះ អមនឹងការប្រើប្រាស់ភាសាជាប្រចាំជាមួយនឹងការស្ម័គ្រចិត្តធ្វើការជាមួយជនជាតិបរទេស គឺជាមូលហេតុដ៍សំខាន់មួយដែលអាចឱ្យ ជាតិ បណ្ឌិត បានប្រឡងជាប់ការប្រឡងវាស់ស្ទង់សមត្ថភាពភាសាបារាំង DELF (diplôme d'études en langue française) ក្នុងកម្រិត B2។

គាត់បានឆ្លៀតចែករំលែកដល់សិស្សប្អូនៗថា៖

  • ពេលរៀន កុំបង្ខំខ្លួនឯង! ត្រូវចេះរៀន ត្រូវចេះសម្រាក។
  • ត្រូវកំណត់ឱ្យច្បាស់ ពេលណាគួររៀន។
  • ការសេពគប់មិត្តភ័ក្រ្ត និង ជ្រើសរើសសាលាត្រឹមត្រូវ គឺជារឿងសំខាន់។

អតីតនិស្សិតវ័យក្មេងរូបនេះ មិនឈរលើជំហរអស់សង្ឃឹមឡើយ ដោយគាត់មានពាក្យស្លោកក្រើន រំព្ញកស្មារតីខិតខំរបស់គាត់មួយគឺ៖ “បើសិនជាយើងវិជ្ជមានថាយើងកំពុងដើរលើផ្លូវត្រូវ សូមកុំឱ្យបាក់ទឹកចិត្ត ដោយព្រោះសម្លេងអវិជ្ជមាន ដែលនៅជុំវិញខ្លួនយើង”។ ជំហរដ៍ឥតងាករេរ ផ្សំផ្គុំដោយសមត្ថភាព ជាតិ បណ្ឌិត ជារឿយៗតែងតែតាមដានជានិច្ចនូវព័ត៌មានអាហារូបករណ៍ផ្សេងៗដែលផ្សាយដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង ព័ត៌មានអាហារូបករណ៍ផ្សេងៗទៀត។

ការព្យាយាមហើយព្យាយាមទៀត ធ្វើឱ្យគាត់បានទទួលអាហារូបករណ៍ថ្នាក់ Master ដល់ទៅ២មហាវិទ្យាល័យផ្សេងគ្នាដែលទី១ គឺជាអាហារូបករណ៍របស់ Eramus Mundus សិក្សាអំពី “Prothèse Fixée” នៅ Université Toulouse III និង ទី២គឺ Master Physiopathologie Orale Appliquée parcours PARODONTOLOGIE នៅ Université Paris Diderot - Paris 7 នៅប្រទេសបារាំង។ ចំនុច ៣ សំខាន់ដែលអាចឱ្យគាត់ជាប់អាហារូបករណ៍នេះមាន៖

  1. Recommendation Letter ពីសាស្រ្តាចារ្យអន្តរជាតិមួយរូប និង ជាតិមួយរូប។
  2. ព្រឹត្តប័ត្រពិន្ទុ ត្រូវល្អប្រសើរ តែមិនចាំបាច់ឥតខ្ចោះនោះទេ។
  3. ការតាំងចិត្តយ៉ាងមុតមាំដោយមានគោលដៅច្បាស់លាស់។

ក្នុងពេលទទួលការសំភាសន៍នេះ ជាតិ បណ្ឌិត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ លោក-លោកស្រ្តីសាស្រ្តាចារ្យ និង មិត្តភ័ក្រ្ត របស់គាត់ដែលខិតខំផ្តល់កំលាំងចិត្ត ជំនួយផ្លូវចិត្ត និង ចំណេះដឹង ដែលនេះគឺជាទុនដ៍មានតម្លៃបំផុតធ្វើឱ្យគាត់ឈានដល់កម្រិតនេះ។

គាត់បានចាកចេញពីប្រទេសកម្ពុជា នាថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៥ ទៅសិក្សាបន្តរយៈពេល២ឆ្នាំនៅសាកលវិទ្យាល័យដ៍ល្បីនៅប្រទេសបារាំង។

មុននឹងចាកចេញពីប្រទេសកម្ពុជា ទៅសិក្សាបន្តថ្នាក់ Master នៅប្រទេសបារាំង និស្សិត ជាតិ បណ្ឌិត បានលើកឡើងថា៖ “មហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាផ្ទះរបសខ្ញុំ។ ការត្រលប់មកផ្ទះខ្លួនឯង ហើយផ្តល់ចំណេះដឹងដល់អ្នកជំនាន់ក្រោយ គឺជាចេតនារបស់ខ្ញុំ”

និស្សិត ជាតិ បណ្ឌិត