សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រីសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យនឹងធ្វើការផ្លាស់ប្តូរទីកន្លែងបណ្ណាល័យបច្ចុប្បន្ននៅទីតាំងទី១នៃសវស ទៅទីកន្លែងថ្មីដែលស្ថិតនៅជាន់ទី១ និងជាន់ទី២ អាគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទី៣ ក្នុងបរិវេណទីតាំងទី១នៃសវស។

By: Media | Posted on: 12/27/2017 9:14:19 AM

ការផ្លាស់ប្តូរទីកន្លែងបណ្ណាល័យថ្មីនេះ គឺជាដំណាក់កាលមួយនៃគម្រោងអភិវឌ្ឍនិងធ្វើទំនើបកម្មនៃសេវាបណ្ណាល័យរបស់សវស ដោយមានបំពាក់នូវប្រព័ន្ធគ្រប់គ្រងបណ្ណាល័យថ្មី ដែលអាចស្វែងរកសៀវភៅនានាតាមប្រព័ន្ធអ៊ីនធើណែតបាន (E-Library)។ ព្រមជាមួយគ្នានេះ បន្ទប់បណ្ណាល័យថ្មីនេះក៏នឹងត្រូវបានពង្រីកវិសាលភាពកាន់តែធំទូលាយជាងមុន ដែលអាចទទួលនិស្សិតចូលអានបានចំនួន២៥០នាក់ក្នុងពេលតែមួយ រួមទាំងការរៀបចំឱ្យមានជាបន្ទប់សិក្សាជាក្រុម និងបន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារវិទ្យាសាស្រ្តនានាផងដែរ។ លើសពីនេះទៅទៀត បន្ទប់បណ្ណាល័យថ្មីនឹងមានភ្ជាប់នូវសេវាអ៊ីនធើណែត WiFi Hot Spot ដែលមានល្បឿនលឿនសម្រាប់ឲ្យអ្នកចូលបណ្ណាល័យអាចប្រើបានដោយសេរី និងកាន់តែងាយស្រួល រួមជាមួយសេវាផ្សេងៗជាច្រើនទៀត។

ដើម្បីដំណើរការគម្រោងរៀបចំបន្ទប់បណ្ណាល័យថ្មីនេះ សាកលវិទ្យាល័យនឹងផ្អាកការផ្តល់សេវាបណ្ណាល័យជាបណ្តោះអាសន្នចាប់ពីថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស ២០១៧ រហូតដល់ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៤ ខែមករា គ.ស២០១៨។

អាស្រ័យហេតុនេះ សូមសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ និងសហការល្អជាមួយសាកលវិទ្យាល័យ ដើម្បីឱ្យដំណើរការរៀបចំបន្ទប់បណ្ណាល័យថ្មីនេះប្រព្រឹត្តទៅបានរលូននិងឆាប់រហ័សតាមការគ្រោងទុក។

សូមអរគុណ