នាថ្ងៃ ១ កើត ខែចេត្រ ព.ស.២៥៦១ ឆ្នាំរកា ត្រូវនឹង ថ្ងៃ សៅរ៏ ទី ១៧ ខែ មីនា ឆ្នាំ ២០១៨ នេះ ក្រោមការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង

By: Media | Posted on: 03/19/2018 3:01:56 PM

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលក្រុមគ្រូពេទ្យមកពីសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ជាសាកលវិទ្យាធិការ បន្តចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមសាកលវិទ្យាធិការបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។ ឯកឧត្ដមបានរំលឹកណែនាំដល់បងប្អូនឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ និង ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជម្ងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។

ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ឫសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ជំនាញដល់និស្សិតពេទ្យ អោយមានជំនាញបន្ថែម។ ចំពោះ សកម្មមនុស្សធម៌នេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យគៀកដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៏និងដើម្បី ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

គួរជម្រាបថា ការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនពលរដ្ឋដល់សហគមន៍នេះ បានផ្តល់ជូននូវសេវាពិគ្រោះសុខភាព មានជាអាទិ សេវាពិនិត្យពិគ្រោះព្យាបាលជម្ងឺទូទៅ សេវាពិនិត្យជំងឺបេះដូង សេវាពិនិត្យស្ត្រីមានផ្ទៃពោះ សេវាពិគ្រោះនិងព្យាបាលធ្មេញ ព្យាបាលដោយចលនា ពិនិត្យឈាមពិនិត្យជម្ងឺភ្នែកនិងផ្តល់វ៉ែនតា និង ការផ្តល់ឱសថជូនដោយឥតគិតថ្លៃ។