“ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ និងប្រកាសបិទការប្រកួតបាល់ទាត់ប្រចាំស.វ.ស រដូវកាលទី១ ឆ្នាំ២០១៧

By: Media | Posted on: 02/13/2018 8:10:35 AM

ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៍ដូចជាវត្តមានរបស់ថ្នាក់ដឹកនាំស.វ.ស និងក្រុមប្រកួតដែលជាអតីតនិស្សិត និងនិស្សិតស.វ.សសរុបចំនួន១៦ ក្រុម។ កម្មវិធីប្រកួតនេះមានរយៈពេល ២០ សប្តាហ៍ និងមាន ១២៨ប្រកួត ដែលរៀបចំដោយសមាគមនិស្សិតស.វ.សទាំង៤ និងក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំស.វ.សដោយសហការគ្នាយ៉ាងជិតស្និទ្ធជាមួយផ្នែកកិច្ចការនិស្សិតស.វ.សក្រោមការគាំទ្ររបស់ស.វ.ស។ បន្ថែមលើកម្មវិធីសិក្សា ការប្រកួតកីឡានេះមានសារៈសំខាន់ដោយនាំមកនូវចំណងសាមគ្គីភាពរវាងនិស្សិត ព្រមទាំងរវាងនិស្សិតនិងអតីតនិស្សិតស.វ.ស ព្រមទាំងលើកកម្ពស់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយស្មារតីការងារជាក្រុម។ ឯកឧត្តមសាកលវិទ្យាធិការបានផ្តាំផ្ញើថា រាល់ការប្រកួតតែងមានឈ្នះចាញ់ តែយើងទាំងអស់គ្នាត្រូវចងចាំថា “ពិន្ទុគ្រាន់តែជាលទ្ធផល តែជ័យជំនៈគឺសាមគ្គីភាព និងសុខភាពរបស់យើងទាំងអស់គ្នា”។ ជាលទ្ធផលនៃការប្រកួត យើងទទួលបាន៖
១.ក្រុមជើងឯកទទួលពានរង្វាន់ការប្រកួតប្រចាំស.វ.សឆ្នាំ២០១៧ គឺក្រុម Bleu Elephant (សមាជិកចំនួន១៥ នាក់មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត, ទន្តវទនសាស្រ្តនិងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត)។
២.ក្រុមលេខ២ បានលើក្រុម EMG (សមាជិកចំនួន១៦ នាក់ពីមហាវិទ្យាល័យវេជ្ជសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត)។
៣.ក្រុមលេខ៣ បានលើក្រុម D31 FC (សមាជិកក្រុមចំនួន១៤ នាក់មកពីមហាវិទ្យាល័យទន្តវទនសាស្រ្ត)។
៤.ក្រុមគំរូល្អ និងទទួលបានចំណាត់ថ្នាក់លេខ៤គឺក្រុម White Elephant (សមាជិកចំនួន១៤ នាក់មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត)
៥.អ្នកចាំទីល្អបានទៅលើក្រុម Bleu Elephant (សមាជិកចំនួន១៥ នាក់មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត, ទន្តវទនសាស្រ្តនិងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត)។
៦.អ្នកទាត់បញ្ចូលទីបានច្រើនបំផុតបានទៅលើកីឡាករលេខ១១ របស់ក្រុម EMG (សមាជិកចំនួន១៦ នាក់ពីមហាវិទ្យាល័យវេជ្ជសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត)”។

សាកលវិទ្យាល័យសូមថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាគមនិស្សិតស.វ.សទាំង៤ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងនិស្សិតនិងអតីតនិស្សិតស.វ.សទាំងអស់ដែលបានគាំទ្រកម្មវិធីរហូតទទួលបានជោគជ័យ។