ទំនើបកម្មបណ្ណាល័យថ្មី ស.វ.ស អាចទទួលនិស្សិតបានរហូតដល់៣៥០នាក់

By: Media | Posted on: 01/10/2018 9:42:56 AM

នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវ​នឹង ថ្ងៃទី ៩ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ ស.វ.ស បានអញ្ជើញទៅត្រួតពិនិត្យទីតាំងបណ្ណាល័យថ្មី ស.វ.ស ដែលកំពុងរៀបចំស្ថិតនៅជាន់ទី១ និងជាន់ទី២ អាគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទី៣ ក្នុងបរិវេណទីតាំងទី១នៃស.វ.ស មុននឹងបើកអោយដំណើរការក្នុងពេលឆាប់ៗនេះ។

បណ្ណាល័យថ្មីនេះ គឺជាដំណាក់កាលមួយនៃគម្រោងអភិវឌ្ឍ និងធ្វើទំនើបកម្មនៃសេវាបណ្ណាល័យរបស់ស.វ.សដោយមានបំពាក់នូវប្រព័ន្ធគ្រប់គ្រងបណ្ណាល័យថ្មី និងបានពង្រីកវិសាលភាពកាន់តែធំទូលាយជាងមុន រួមទាំងការរៀបចំឱ្យមានជាបន្ទប់សិក្សាជាក្រុម និងបន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារវិទ្យាសាស្រ្តនានាផងដែរ។ លើសពីនេះទៅទៀត បន្ទប់បណ្ណាល័យថ្មីនឹងមានភ្ជាប់នូវសេវាអ៊ីនធើណែត WiFi Hot Spot ដែលមានល្បឿនលឿនសម្រាប់ឲ្យអ្នកចូលបណ្ណាល័យអាចប្រើបានដោយសេរី និងកាន់តែងាយស្រួល រួមជាមួយសេវាផ្សេងៗជាច្រើនទៀត។

សេវាកម្មរបស់បណ្ណាល័យ ស.វ.ស សំខាន់ៗរួមមាន៖
- ទទួលអ្នកអានបានប្រមាណ ៣៥០នាក់ក្នុងពេលតែមួយ។
-មានបន្ទប់សិក្សាជាក្រុមចំនួន៦បន្ទប់ និង មានបន្ទប់សម្រាប់ពិភាក្សាដើម្បីកែទម្រង់និក្ខេបបទ ឬសារណា ចំនួន២បន្ទប់។។
- មានសាលសម្រាប់អានចំនួនពីរ (ជាន់ទី១ និងជាន់ទី២) ។
- មានកុំព្យូទ័រសរុបចំនួន ៦៤គ្រឿង ដោយភ្ជាប់ប្រព័ន្ធ Internet រួចជាស្រេច។
- ស្វែងរកសៀវភៅនានាតាមប្រព័ន្ធអ៊ីនធើណែតបាន (E-Library) និងសេវាអ៊ីនធើណែត WiFi Hot Spot ដែលមានល្បឿនលឿន។

គួរជម្រាបថា ដើម្បីដំណើរការគម្រោងរៀបចំបន្ទប់បណ្ណាល័យថ្មីនេះ សាកលវិទ្យាល័យនឹងផ្អាកការផ្តល់សេវាបណ្ណាល័យជាបណ្តោះអាសន្នចាប់ពីថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស ២០១៧។ បណ្ណាល័យ ស.វ.ស នឹងបើកដំណើរការជាផ្លូវការវិញក្នុងពេលឆាប់ៗខាងមុខនេះ។