រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ យើងនឹងរួមគ្នាបន្ដកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាលឲ្យកាន់តែមានគុណភាព ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព​​​ខ្ពស់

By: Media | Posted on: 12/26/2017 9:15:03 AM

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នាបន្ដកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ឲ្យបានកាន់តែមានគុណភាពខ្ពស់ ដើម្បីបម្រើសេវាកព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ហើយនេះក៏ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា អាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលជាចម្បង។

រដ្ឋមន្ដ្រីថ្លែងក្នុងឱកាសដែល​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល បើកកម្មវិធីសប្បុរសធម៌ ក្រោមប្រធានបទ «ចូលរួមចែករំលែក ដើម្បីការអប់រំ និងអភិវឌ្ឍន៍» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថា«ដើម្បីសម្រេច គោលបំណងនេះ ត្រូវបំពេញនូវចំណេះដឹង និងចំណេះធ្វើ ទាំងជំនាញរឹង និងជំនាញទន់ ដល់និសិ្សត គឺជាកត្តាមួយ​យ៉ាងសំខាន់ ក្នុងចំណោមកត្តាជាច្រើនផ្សេងទៀត ដែលសាកលវិទ្យាល័យកំពុងខិតខំពង្រឹង និងពង្រីកជាបន្តបន្ទាប់ ។ការផ្តល់នូវជំនាញទន់ Soft Skillsនានា ដែលមិនបានគ្របដណ្តប់ ក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ គឺជាការចាំបាច់ ។ ជំនាញ​ទន់ទាំងអស់នេះ អាចទទួលបានតាមរយៈការរៀបចំឲ្យនិសិ្សតមានឱកាសចូលរួមក្នុងសកម្មភាពសង្គមដូចជា ការផ្តល់សេវា​សុខាភិបាល ដល់សហគមន៍ដោយឥតគិតថ្លៃ និងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដែលមានផលប្រយោជន៍ជាអាទិភាព​ដល់សង្គមកម្ពុជាយើង »។

សកម្មភាពពេលនេះ បានបង្កលក្ខណៈឲ្យនិសិ្សត​មាន​ឱកាសចូលរួមក្នុងការបណ្តុះគំនិត សាមគ្គីភាព និងការងារជាក្រុម ចេះជួយចែករំលែកសុខទុក្ខគ្នាទៅវិញទៅមក ជាពិសេស​គឺការ​ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ដោយមិនរើសអើងពណ៌សម្បុរស ពូជសាសន៍ វណ្ណៈ សាសនា និងស្ថាន​ភាពសង្គម ។ ការចូលរួមក្នុងកិច្ចការទាំងនេះ នឹងផ្តល់នូវជំនាញទន់ ថែមទៀតដល់និសិ្សតសាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ទាំងអស់ ដែលនឹងក្លាយទៅជាអ្នកផ្តល់សេវាសុខាភិបាលប្រកបដោយចំណេះដឹង ជំនាញ ទេពកោសល្យ​ពិតបា្រកដ មាន​ឥរិយាបទ​ល្អជាទីទុកចិត្ត និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញភារកិច្ច​របស់ខ្លួន​នាពេលអនាគត ។

​ដោយឡែកលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា៖ នេះជាលើកទី៣ហើយ ដែលសាកលវិទ្យាល័យ បានរៀបចំកម្មវិធីសប្បុរសធម៌ បន្ទាប់ពីបា្ររព្ធកម្មវិធី​សប្បុរស​ធម៌លើកទី១ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ លើកទី២នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ។ នៅថ្ងៃនេះ និសិ្សតក្រីក្រ របស់សាកលវិទ្យាល័យចំនួន១១រូប នឹងទទួលជំនួយពីកម្មវិធីសប្បុរសធម៌លើកទី២ និងជំនួយសប្បុរសធម៌ នៃមូលនិធិ DK Kim ដោយម្នាក់ៗទទួលបានថវិកាសម្រាប់បង់ថ្លៃសិក្សា ឆមាសទី២ សរុបជាទឹកបា្រក់ចំនួន ម្លៃប្រាំពីរ លានរៀល ។

និសិ្សតក្រីក្រទាំងនេះ ត្រូវបានរកឃើញតាមរយៈការវាយតម្លៃបីដំណាក់កាល ទី១ដោយមិត្តភ័ក្រ្តក្នុងថ្នាក់រៀន, ដំណាក់កាលទី២ដោយពីមហាវិទ្យាល័យ សាលា ផ្នែក និងទី៣ដោយគណៈ​កម្មការ​ចម្រុះ​សាកលវិទ្យាល័យ វាយតម្លៃនិសិ្សតក្រីក្រដល់ទីតាំងស្នាក់នៅផ្ទាល់ ដោយប្រើបា្រស់តារាងដាក់ពិន្ទុប្រកបដោយភាពសុក្រិត្យ ។ កម្មវិធីសប្បុរសធម៌និសិ្សតសាកលវិទ្យាល័យឆ្នាំ២០១៧នេះ មានការគាំទ្រពីសមាគមជាតិ កាកបាទក្រហមកម្ពុជា ពីសមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមានការចូលរួមផងដែរ ពីដៃគូសាកលវិទ្យាល័យ ចំនួន១០ និងមូលនិធិ និងក្រុមហ៊ុន និងពីសមាគមនិសិ្សតសាកលវិទ្យាល័យ ។

​ក្នុងឱកាសនោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភដល់​កម្មវិធី​សប្បុរសធម៌ ក្រោមប្រធានបទ «ចូលរួមចែករំលែក ដើម្បីការអប់រំ និងអភិវឌ្ឍន៍» នូវថវិកា៥លានរៀលផងដែរ ៕