នារសៀលថ្ងៃ សុក្រ ៥ កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹង ថ្ងៃ ទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានប្រារព្ធធ្វើនៅកម្មវិធីសប្បុរសធម៍និស្សិត ស.វ.ស ឆ្នាំ២០១៧ លើកទី៣ នៅទីតាំងទី១ ដោយមានការផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់ក្រោមអធិបតីភាពពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល។

By: Admin | Posted on: 12/25/2017 2:05:03 PM

ក្នុងពិធីនោះផងដែរក៏មាននូវការផ្តល់វត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមតំណាងសមាជិកជាតិកាកបាទក្រហមកម្ពុជា និង ឯកឧត្តម លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ស.វ.ស និង និស្សិត ស.វ.ស យ៉ាងច្រើនកុះករ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស បានសម្តែងនូវគារវកិច្ច កិច្ចស្វាគមន៍ និងបានរាយការណ៍ជាសង្ខេបពីដំណើរការរៀបចំកម្មវិធីសប្បុរសធម៍និស្សិត ស.វ.ស និងការវាយតម្លៃទាំង៣ដំណាក់កាលដោយប្រើប្រាស់តារាងពិន្ទុប្រកបដោយភាពសុក្រិត។

អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតស.វ.សទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដើម្បីបង្កើតសកម្មភាពសប្បុរសធម៌នេះឡើង ដើម្បីជួយដោះស្រាយបន្ទុកគ្រួសារចំពោះនិស្សិតក្រីក្រនៅ ស.វ.ស និងពង្រឹងនូវសាមគ្គីភាព ការរួមរួមគ្នា ក្នុងការធ្វើការងារជាក្រុម។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេងបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រៅចំពោះការផ្តល់វត្តមាន និងការគាំទ្រពីសំណាក់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏ដូចជាការអរគុណចំពោះដៃគូរ និស្សិតស.វ.សទាំងអស់។

គួរជម្រាបថា កម្មវិធីសប្បុរសធម៍និស្សិត ស.វ.ស ឆ្នាំ២០១៧ នេះ មានការគាំទ្រពីសំណាក់សមាគមជាតិកាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដៃគូរស.វ.ស ចំនួន១០មូលនិធិ និង ក្រុមហ៊ុន សមាគមនិស្សិតទាំង៤ និង ការចូលរួមយ៉ាងក្លៀវក្លាពីសំណាក់និស្សិត ស.វ.សទាំងអស់។ សកម្មភាពលក់ដូរទំនិញផ្សេងៗ ពិពណ៌សំភារ:នានា និងអាហារដែលជាស្នាដៃរបស់និស្សិត សរុប ២៥បញ្ជរទំនិញ ការប្រគុំដន្រ្តី ការសម្តែង និងកម្មវិធីរាំកំសាន្តរបស់និស្សិត។