ថ្ងៃ សុក្រ ៥ រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៧ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្រោមប្រធានបទ "កុំរង់ចាំគ្រាអាសន្នមកដល់ សូមផ្តល់ឈាម ផ្តល់ឥឡូវ ផ្តល់អោយបានច្រើនដង" ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមជួយសង្គ្រោះដល់ជីវិតអ្នកជំងឺដែលកំពុងរង់ចាំឈាមជាចាំបាច់។

By: Media | Posted on: 12/12/2017 9:32:44 AM

ពិធីនេះបានប្រព្រឹត្រ្តទៅនៅទីតាំងទី1 នៃ ស.វ.ស ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងកាកបាទក្រហមកម្ពុជា តំណាងអង្គការសុខភាពពិភពលោក តំណាងក្រុមហ៊ុន NVC ទឹកបរិសុទ្ធវីតាល់ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោក នាយក នាយករង មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ជាច្រើនរូប។

ការរៀបចំពីធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និង មិនគិតកម្រៃនេះ មានគោលបំណងសំខាន់ចំនួន៣គឺ៖
១. ដើម្បីជួយសង្គ្រោះជីវិតអ្នកជម្ងឺ។
២. ដើម្បីផ្តល់ឈាមប្រកបដោយសុវត្ថិភាពសម្រាប់សប្បុរសជនបរិច្ចាគឈាម និង អ្នកជំងឺទទួលឈាម។
៣. ដើម្បីចូលរួមលុបបំបាត់ចំណុចអសកម្មនានា ដែលបណ្តាលមកពីកង្វះការផ្គត់ផ្គង់ឈាម។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ដែលស.វ.ស បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះ ក្នុងឆ្នាំ២០១៧។ នៅឆ្នាំ២០១៦ ស.វ.សក៍បានរៀបចំពិធីបរិច្ចាគឈាមចំនួន២លើក ដោយមានមន្រ្តីរាជការ បុគ្គលិក និង និស្សិត ចូលរួមបរិច្ចាគឈាមសរុបចំនួន ៦៥៦នាក់ ដែលក្នុងនោះមានស្រីចំនួន ៣៤៤នាក់។