ថ្ងៃ សុក្រ ១៣ កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ ធ្នូ គ.ស ២០១៧ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សហការជាមួយ មូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) និង កម្មវិធីជាតិសុខភាពភ្នែក បានរៀបចំសិក្ខាសាលាតម្រង់ទិសដល់ភាគីពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលផ្នែកចក្ខុរោគវិទ្យាដែលប្រព្រឹត្តទៅនៅសណ្ឋាគារសាន់វ៉េ។

By: Media | Posted on: 12/01/2017 2:43:44 PM

 អញ្ជើញជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលានេះមានជាអាទិឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យ មិត្តភាពខ្មែរ- សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក និងលោកសាស្រ្តាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យ ព្រះអង្គឌួង ព្រមទាំងវត្តមានលោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស លោកនាយករង និង លោក-លោកស្រីជាសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ភ្ញវកិត្ដិយសជាតិ និង អន្តរជាតិជាដៃគូរពាក់ព័ន្ធជាច្រើនរូបទៀត។

សិក្ខាសាលានេះមានគោលបំណងដើម្បីស្វែងយល់ពីសមិទ្ធិផលនៃការបណ្តុះបណ្តាលផ្នែកចក្ខុវិទ្យាកន្លងមក ក៏ដូចជាដើម្បីកំណត់ការវិភាគនូវចំនុចខ្លាំង ចំនុចខ្សោយ ឱកាស និងកត្តាប្រឈមនៃការបណ្តុះបណ្តាល។ បន្ថែមពីនោះ សិក្ខាសាលាក៏មានគោលបំណងដើម្បីបញ្ជាក់នូវតួនាទី និង ការទទួលខុសត្រូវនាពេលបច្ចុប្បន្ន និង អនាគតរបស់ភាគីពាក់ព័ន្ធ សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ផងដែរ។

គួរជម្រាបថា ដោយមានការគាំទ្រដោយបច្ចេកទេស និង ហិរញ្ញវត្ថុពីកម្មវិធីជាតិសុខភាពភ្នែក មូលនិធិហ្វ្រេដហូឡូ មូលនិធិ Royal Australian and New Zealand College of Ophthalmologists ស.វ.ស បានបើកការបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេស តាំងពីឆ្នាំ២០០៧ មក ដោយមានការចូលរួមពីមន្ទីរពេទ្យបណ្តុះបណ្តាលចំនួន៣ គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យភ្នែកខេត្តតាកែវ ដែលជាកន្លែងសម្រាប់និស្សិតអនុវត្តជាក់ស្តែង។ ដោយឡែក ការបណ្តុះបណ្តាលផ្នែកចក្ខុគិលានុបដ្ឋាក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ នៅ ស.វ.ស ដោយមានការគំាទ្របច្ចេកទេស និងហិរញ្ញវត្ថុដោយកម្មវិធីជាតិសុខភាពភ្នែក និង មូលនិធិហ្វ្រេដហូឡូ។