និស្សិត ស.វ.ស ម្នាក់ទៀតទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ មុនពេលទៅបន្តការសិក្សារយ:ពេល៤ឆ្នាំនៅប្រទេសជប៉ុន

By: Media | Posted on: 11/23/2017 12:49:12 PM

និស្សិត ណយ គឹមហ៊ាង ឆ្នាំទី៣ មហាវិទ្យាល័យទន្តវទនសាស្រ្ត នៃ ស.វ.ស ដឹកនាំដោយលោកសាស្រ្តាចារ្យ សេង រស់សមិទ្ធិ ព្រឹទ្ធបុរសមហាវិទ្យាល័យទន្តវទនសាស្រ្ត បានទទួលការអនុញ្ញាតអញ្ជើញជួបសម្តែងការគួរសម និង ទទួលមតិផ្តាំផ្ញើ ពីសំណាក់លោកសាស្រ្តាចារ្យ ជំនួយ សេង សុភាព សាកលវិទ្យាធិការរង ស.វ.ស។

ក្នុងឱកាសនោះ លោកសាកលវិទ្យាធិការរងនៃ ស.វ.ស បានសំដែងនូវការអបអរសាទរ និងកោតសសើរចំពោះ និស្សិតជ័យលាភី ដែលទទួលបានជោគជ័យដោយជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ។

លោកសាកលវិទ្យាធិការរងក៏បានមានប្រសាសន៍ណែនាំដល់និស្សិត ណយ គឹមហ៊ាង ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ជាំងពីសមត្ថភាពនិស្សិតខ្មែរ ក្រោមបរិបទប្រកួតប្រជែងក្នុងចំណោមនិស្សិតអន្តរជាតិ និង ត្រូវថែរក្សាសុខភាពអោយបានល្អ។

នារាត្រីនេះ និស្សិត ណយ គឹមហ៊ាង នឹងត្រូវចាកចេញពីប្រទេសកម្ពុជាតាមរយ:ជើងយន្តហោះ ទៅកាន់ប្រទេសជប៉ុន។

គួរជម្រាបថា និស្សិត ណយ គឹមហ៊ាង ឆ្នាំទី៣ មហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" គឺជាបេក្ខជនមួយរូបដែលបានជាប់អាហារូបករណ៍រយ:ពេល៤ឆ្នាំ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Hiroshima University នៅប្រទេសជប៉ុន។ ផ្លែផ្លាកើតពីទំនាក់ទំនងដ៍ល្អរវាង ស.វ.ស និង សាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន បានផ្តល់ឱកាសកាន់តែច្រើនដល់និស្សិតឆ្នើម ស.វ.ស ក្នុងការទទួលអាហារូបករណ៍សម្រាប់ការសិក្សារបស់ខ្លួន។