នាថ្ងៃព្រហស្បតិ៍​ ទី១៣​ រោច​ ខែកត្តិក​ ឆ្នាំរកា​ ​ ព.ស.​ ២៥៦១​ ត្រូវនឹងថ្ងៃ​ទី​ ១៦ ខែ វិច្ឆិកា គ.ស.​ ២០១៧​ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល “ស.វ.ស” បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៧-២០១៨ នៅទីតាំងទី១​ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។

By: Media | Posted on: 11/20/2017 2:54:49 PM

អញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីនោះដែររួមមានឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាភិបាល នៃ ស.វ.ស ឯកឧត្ដមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រីសាស្រ្តាចារ្យ បណ្ឌិត វេជ្ជបណ្ឌិត ឱសថបណ្ឌិត ទន្តបណ្ឌិត ឱសថការី មន្រ្តីរាជការ បុគ្គលិក មាតា បិតា និង អាណាព្យាបាលនិស្សិតប្រមាណ១,០០០នាក់។
ឯកឧត្ដមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានរាយការណ៍ជាសង្ខេបនូវសមិទ្ធិផល ដែលសាកលវិទ្យាល័យសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក។
នៅក្នុងឆ្នាំសិក្សា ២០១៦-២០១៧ កន្លងមកនេះ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានបណ្ដុះបណ្ដាល និស្សិតមានចំនួនសរុប ៧,០៤១ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៣,៧១៧ នាក់ និងមាននិសិ្សត ចំនួន ៧២៨ នាក់ ទទួលអាហារូបករណ៍របស់រាជរដ្ឋាភិបាល ។ បន្ថែមលើនេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៦៣ នាក់ (ស្រី១២ នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងឆ្នាំសិក្សាថ្មីនេះមាននិសិ្សតសារុបចំនួន៧៦៣នាក់បានប្រលងជាប់ចូលរៀនកំរិតបរិញ្ញាបត្រនានានៅសវសដែលក្នុងនោះមាននិសិ្សតនិទ្ទេស A ចំនួន៧៨នាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សៃន ដល់ក្មួយៗនិស្សិត មាតា បិតា និងអាណាព្យាបាលនិស្សិតទាំងអស់ ដែលសម្តេចទាំងពីរតែងយកចិត្តទុកដាក់ខ្ពស់ដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសគឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសគឺវិស័យសុខាភិបាល ។
ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ពីភាពរីកចម្រើនឈានឡើងរបស់ស.វ.ស ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាមួយគ្នានោះឯកឧត្តមបានថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ និស្សិត នៃស.វ.ស ទាំងអស់ ចំពោះកិច្ចប្រឹងប្រែងទាំងនេះ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានផ្តល់អនុសាសន៍ជាគន្លឹះសំរាប់សាកលវិទ្យាល័យ ក្នុងការពង្រឹង និង ពង្រីកនូវសមត្ថភាពធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពសង្គមផ្សេងៗ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងចូលរួមអបរសាទរចំពោះលោក លោកស្រី ជាសាស្រ្តាចារ្យឆ្នើម និងក្មួយៗ ដែលបានទទួលចំណាត់ថ្នាក់ជានិស្សិតឆ្នើម ក្នុងចំណោមនិស្សិតរួមជំនាន់របស់ខ្លួន នាឆ្នាំសិក្សាកន្លងទៅ។
គួរបញ្ជាក់ថា ដោយមានការយកចិត្តទុកពីរាជរដ្ឋាភិបាល និងក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលស.វ.ស សាកលវិទ្យាល័យបាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យកាន់តែមានភាពប្រសើរឡើងនូវគុណភាពនៃការបណ្តុះបណ្តាល ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលមានបំណងប្រែក្លាយ ស.វ.ស ជាថ្នាលបណ្តុះបណ្តាលឈានមុខគេក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល ដែលទទួលបាននូវការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយជាមជ្ឈដ្ឋានមួយដែលគ្រូ និសិ្សត មន្រ្តី និង បុគ្គលិកសុទ្ធតែខិតខំនាំមកនូវឧត្តមភាព ក្នុងការបង្រៀន ការសិក្សា ការស្រាវជ្រាវ និង ការផ្តល់សេវាសាធារណៈ៕