ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកសាស្ត្រាចារ្យ Philippe Descamps

By: Admin | Posted on: 11/06/2017 10:27:27 PM

រសៀលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទជូនលោកសាស្ត្រាចារ្យ Phillippe Descamps សាស្ត្រាចារ្យ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ក្រោមអធិបតីភាពឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​។
ពិធីនេះទទួលបាននូវការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្ដម​សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ
សាកលវិទ្យាធិការនៃស.វ.ស លោកសាកលវិទ្យាធិការរង លោកនាយក ព្រឹទ្ធបុរស លោកសាស្ត្រាចារ្យ Philippe Descamps លោក-លោកស្រី អ្នកនាង កញ្ញា ជាមន្ត្រីរាជការ បុគ្គលិក របស់ ស.វ.ស។
ការបំពាក់គ្រឿងឥស្សរិយយស​ សហមេត្រីថ្នាក់ធិបឌិន្ទ ​ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់​លោក​សាស្ត្រាចារ្យ Phillippe Descamps ក្នុងពេលនេះគឺជាសក្ខីភាពមួយថ្មីទៀតនៃការយក​ចិត្ត​ទុក​​ដាក់របស់រាជរាដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែង​ជួយ​ដល់​ការកសាងធនធានមនុស្សក្នុងវិស័យសុខភិបាលនៅកម្ពុជាដែលជា​អាទិភាពយ៉ាង​សំខាន់​របស់រាជរដ្ឋាភិបាល។​
​លោកសាស្ត្រាចារ្យ Philippe Descamps គឺជាអ្នកសម្របសម្រួលក្នុងការផ្តល់ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍​ថ្នាក់ឯកទេស​សម្ភពនិងរោគ ស្ត្រី នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមជំនួយឧបត្ថម្ភជា ថវិកា ពីគម្រោង FSP (Fonds de Solidarité Prioritaire) និង CNGOF (Collège National des Gynécologues et Obstétriciens Français) ដែលជំនួយនេះ បានផ្តល់មកប្រទេសកម្ពុជាលើ វិស័យសុខាភិបាល ដោយគិតចាប់ពីឆ្នាំ ១៩៩៦ មកម្ល៉េះ ។
ចាប់ពីឆ្នាំ ២០០៥ រហូតដល់ ២០១២ ក្រោយមក លោកសាស្ត្រាចារ្យ Phillippe Descamps បានធ្វើបេសកកម្មបង្រៀនដល់និស្សិតថ្នាក់ឯកទេសសម្ភពនិងរោគស្ត្រីនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ៣ ដង ក្នុង ១ ឆ្នាំ ក្រោមការឧបត្ថម្ភថវិកា ដោយគម្រោង FSP (Fonds de Solidarité Prioritaire) ឬដោយ CNGOF (Collège National des Gynécologues et Obstétriciens Français/មហាវិទ្យាល័យ ជាតិ បារាំង នៃផ្នែកសម្ភព និងរោគស្ត្រី) ។
ដោយការខិតខំប្រឹងប្រែងរបស់លោកសាស្ត្រាចារ្យ Philippe Descamps និស្សិត​ឯកទេស​សម្ភពនិងរោគស្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (Diplôme d’Etude Spécialisée de Gynécologie-Obstétrique) ចំនួន ២០ រូប ត្រូវបានបញ្ជូនឲ្យទៅទទួលការបណ្តុះបណ្តាល​បន្ត​ នៅឯ​ប្រទេស​បារាំង ក្រោមជំនួយឧបត្ថម្ភអំពីរដ្ឋាភិបាលប្រទេសបារាំង ចាប់ពីឆ្នាំ២០០៥មក ។