និស្សិតថ្នាក់វេជ្ជ​បណ្ឌិត​​ឯកទេស ស.វ.ស ៣៦នាក់ ត្រៀមទៅបន្តការសិក្សានៅប្រទេសបារាំង

By: Admin | Posted on: 10/06/2017 2:14:12 PM

នាថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសំណេះសំណាល ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០១៦-២០១៧។
ពិធីនេះ ទទួលបាននូវកិត្តិយសដ៍ឧត្តុង្គឧត្តម ដោយមានការអញ្ជើញចូលរួមជាគណអធិបតីរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់គោរពថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ភ្ញៀវជាតិ អន្តរជាតិ និង និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសជាច្រើនរូប។
ក្នុងឆ្នាំ ២០១៧ នេះ មាននិស្សិត សរុបចំនួន ៣៦ នាក់ (ដែលក្នុងនោះមាននិស្សិតស្រី​ចំនួន ១១នាក់ និងនិស្សិតប្រុសចំនួន ២៥នាក់) ហើយនិស្សិតទាំងអស់នេះ សុទ្ធជានិស្សិត​ថ្នាក់វេជ្ជ​បណ្ឌិត​​ឯកទេស​​​ទាំងអស់ ដែលបានទទួលការប្រកាស​លទ្ធផល ជាប់ជាស្ថាពរ អំពីសំណាក់ការិយាល័យ​កណ្តាល «Bureau central de DFMS(A) à la Faculté de Médecine de Strasbourg, France» និងត្រូវបាន​អនុញាត​ឲ្យ​​ទៅបន្តការសិក្សាDFMS(A) ដោយមានការចុះឈ្មោះនៅសាកល​វិទ្យា​ល័យនៃទីក្រុងនានា​ជាមុនរួច ចុះធ្វើកម្ម​សិក្សា​FFI​ នៅតាមមន្ទីរពេទ្យផ្សេងៗនៃប្រទេសបារាំង​ ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ក្នុងរយៈពេល១ឆ្នាំ ។
មុននឹងជាប់អាហារូបករណ៏DFMS(A)នេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្រោះការ​ជ្រើសរើស​អាហារូបករណ៏នេះ ត្រូវឆ្លងកាត់២ដំណាក់កាល គឺវគ្គជម្រុះPré-sélection de Dossier Nº 1 នៅក្នុងខែ មករា មួយលើក និងវគ្គផ្តាច់ព្រ័តSélection Finale de Dossier Nº 2 ដែលបានប្រព្រឹត្តទៅនៅក្នុង​ខែមេសា ដោយឆ្លង កាត់ការពិនិត្យសមត្ថភាពផ្នែកកម្រិតយល់ដឹងភាសាបារាំង​DELF B2ផងដែរ ។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់ឆ្នាំ ២០១៧ នេះ មាននិស្សិត ស.វ.ស សរុបចំនួន ៦៥៥ នាក់ហើយ​ដែលត្រូវបានបញ្ជូនឲ្យទៅបន្តការសិក្សាឯកទេសនៅប្រទេសបារាំង ។