សាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំពិធីបំពាក់កន្សែងដល់សមាជិកថ្មីរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សាខាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" សរុបចំនួន ២៣៤នាក់

By: Media | Posted on: 05/11/2017 2:36:00 PM

នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំពិធីបំពាក់កន្សែងដល់សមាជិកថ្មីរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សាខាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" សរុបចំនួន ២៣៤នាក់។
ពិធីដ៏មានអត្ថន័យនេះទទួលបាននូវកិត្តិយសដោយមានការអញ្ជើញចូលរួុមជាអធិបតីភាពពីសំណាក់ឯកឧត្តម ពិត ចំណាន សមាជិកគណ:កម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និង ជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ឯកឧត្តម សំ កុសល នាយកនៃនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា និង ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស លោកនាយករង លោក-លោកស្រីព្រឹទ្ធបុរសរង មន្រ្តីរាជការ បុគ្គលិក ទីប្រឹក្សាក្លឹបយុវជនកាកបាទក្រហមរបស់ ស.វ.ស និង គ្រឹះស្ថាននានា ព្រមទាំងសមាជិកថ្មីរបស់យុវជនកាកបាទក្រហមកម្ពុជា សាខាស.វ.ស សរុបជិត៣០០នាក់។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃស.វ.ស បានជម្រាបជូនគណ:អធិបតី និង អង្គពិធីជាសង្ខេបនូវរបាយការណ៍ ប្រវត្តិ និង ដំណើរការនៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាសាខា ស.វ.ស។
ឯកឧត្តម ពិត ចំណាន សមាជិកគណ:កម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និង ជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា បានសម្តែងនូវក្តីរីករាយ និង ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.សទាំងអស់។ ឯកឧត្តមក៏បានថ្លែងនូវការសរសើរចំពោះក្មួយៗនិស្សិតដែលបានស្ម័គ្រចិត្តចូលរួមក្នុងជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៍ គុណធម៍ល្អ និង ការធ្វើសកម្មភាពនានាជួយដល់សង្គម។
គួរបញ្ជាក់ថា សមាជិកថ្មីរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សាខាសវស សរុបចំនួន ២៣៤នាក់ មានសមាសភាពនិស្សិតមហាវិទ្យាល័យឱសថសាស្រ្ត ចំនួន ១២៣រូប និស្សិតមហាវិទ្យាល័យទន្តវទនសាស្រ្ត ចំនួន ១១រូប និស្សិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ចំនួន ៩៧រូប និង បុគ្គលិកចំនួន៣រូប។