នៅទីស្តីការក្រសួងសុខាភិបាលមានរៀបចំទិវាឆ្មបជាតិក្រោមប្រធានបទ "ឆ្មប មាតា និងគ្រួសារ រួមគ្នាដើម្បីការសម្រាលមានសុវត្ថិភាព"

By: Media | Posted on: 05/05/2017 9:08:00 AM

នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នៅទីស្តីការក្រសួងសុខាភិបាលមានរៀបចំទិវាឆ្មបជាតិក្រោមប្រធានបទ ឆ្មប មាតា និងគ្រួសារ រួមគ្នាដើម្បីការសម្រាលមានសុវត្ថិភាព។
ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីនៃមជ្ឈមណ្ឌលគាំពារមាតានិងទារក គណៈឆ្មប សមាគមឆ្មបកម្ពុជា ព្រមទាំងអង្គភាពស្ថាបននានាក្រោមឱវាទក្រសួងសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិជាច្រើនកុះករ។ ដោយឡែកក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ មន្ត្រី និង និស្សិតឆ្មបនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ទទួលបានកិត្តិយសអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះផងដែរ។
ជាកិត្តិយសបន្ថែមទៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតិអោយនិស្សិតថ្នាក់បរិញ្ញាបត្រឆ្មបឆ្នាំទី៤ ជំនាន់ទី២ គឺកញ្ញា រ៉ី ម៉ារីណា តំណាងអោយនិស្សិតផ្នែកឆ្មបនៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឡើងបញ្ចេញមតិចាប់អារម្មណ៍ក្នុងអង្គពិធីនោះ។ កញ្ញា ម៉ារីណា បានបញ្ជាក់អំពីមូលហេតុដែលនាងបានសម្រេចចិត្តជ្រើសរើសសិក្សាមុខជំនាញឆ្មបនេះ ព្រមទាំងបានសំដែងនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការចូលរួមលើកកំពស់គុណភាពសេវាផ្នែកឆ្មបនៅកម្ពុជាឱ្យកាន់តែប្រសើរ ក្រោយពេលដែលនាងបញ្ចប់ការសិក្សានាពេលអនាគតដ៏ខ្លី។